(អឺរ៉ុប)៖ ក្រុម Liverpool បានយកឈ្នះក្រុម Sparta Prague ៥-១ ក្នុងប្រកួតជើងទី១ ពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League 2023-24 វគ្គ ១៦ក្រុមចុងក្រោយ និងក្លាយជាការរកបានជ័យជម្នះ ៧លើកជាប់គ្នារបស់ក្រុមដឹកនាំដោយលោក Jurgen Klopp ក្នុងរដូវកាលនេះ។

ស្ថិតក្នុងការប្រកួតរវាងក្រុមទាំងពីរនេះ ហង្សក្រហម Liverpool រកបាន ៥គ្រាប់នៅក្រៅទឹកដីនេះ ពីការធ្វើបានសម្រេចដោយកីឡាករ Darwin Nunes ចំនួន ២គ្រាប់ម្នាក់ឯង ក្រោយពេលមិត្តរួមក្រុម Mac Allister ធ្វើបានសម្រេចគ្រាប់នាំមុននៅនាទី៦ ដើមវគ្គទី១ និងកីឡាករ Luis Diaz ជាមួយ Szobozslai ធ្វើបានម្នាក់ ១គ្រាប់ ដ្បិតក្រុម Sparta ចំណេញមួយគ្រាប់ ពីការធ្វេសប្រហេសដោយកីឡាករ Conor Bradley ក្នុងនាទី៤៦។

ខណៈនេះការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Darwin Nunez នៅពីខាងក្រៅតំបន់ពិន័យ ១១ម៉ែត្រនោះ បានធ្វើឱ្យក្លាយគ្រាប់បាល់ទី១០០០ របស់ក្លិប Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jurgen Klopp ចំនួន ៤៧៦ប្រកួតនៅគ្រប់កម្មវិធីទាំងអស់ ។

តាមរយៈការស៊ុតបាន ២គ្រាប់នេះ ធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Nunez បន្តបន្ថែមចំនួនគ្រាប់ស៊ុតរបស់រូបគេ នារដូវកាលនេះឈានដល់ ១៦គ្រាប់ផងដែរ ហើយក៏បានឈ្នះពាន Player of the match ក្នុងប្រកួតនៅក្រៅទឹកដីនេះ ខណៈជើងទី២ ក្រុមហង្សក្រហម Liverpool នឹងបើកទ្វាផ្ទះ Anfield ទទួលក្រុម Sparta នៅថ្ងៃទី១៥ ខែមីនានេះ។

បញ្ចាក់ផងថា ស្ថិតក្នុងរដូវកាលនេះ Liverpool បានឈ្នះពានរង្វាន់ EFL Cup រួចហើយ ខណៈពេលនេះនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកការប្រកួតប្រជែងដណ្តើមពានលីគ Premier League, លីគទី២ អឺរ៉ុប Europa League និងការឈានទៅវគ្គ ៤ក្រុមពាន FA Cup ដែលឆ្លងកាត់ក្រុម Manchester United ក្នុងវគ្គ ៨ក្រុងចុងក្រោយ៕