(អឺរ៉ុប)៖ ខ្សែប្រយុទ្ធសញ្ជាតិសំប៊ី Barbra Banda បានចុះកុងត្រាជាមួយ Orlando Pride ក្លាយជាការផ្ទេរកីឡាការិនីមានតម្លៃថ្លៃបំផុតទីពីរក្នុងប្រវត្តិសាស្ត្របាល់ទាត់ផ្នែកស្ត្រី ដែលរូបនាងបានសម្រេចចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ ជាមួយនឹងតម្លៃផ្ទេរប្រមាណ ៧៤០,០០០ដុល្លារ ដែលផ្ទេពីក្លិបចិន Shanghai Shengli, នេះបើតាមប្រភពី BBC ឱ្យដឹងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

កីឡាការិនីមានវ័យ ២៣ឆ្នាំ Barbra Banda បានក្លាយជាកីឡាការិនីបាល់ទាត់ឈរលំដាប់ទី២ មានតម្លៃខ្លួនថ្លៃ បន្ទាប់ពីក្លិបអាមេរិក Bay FC បានចំណាយតម្លៃកំណត់ត្រាពិភពលោកចំនួន ៨៦០,០០០ដុល្លារ សម្រាប់ការនាំយកកីឡាការិនី Racheal Kundananji កាលពីខែមុន។

ខណៈនេះមានន័យថា Racheal Kundananji និង Barbra Banda បានកាន់កំណត់ត្រាកីឡាការិនីបាល់ទាត់មានសញ្ជាតិសំប៊ី មានតម្លៃខ្លួនថ្លៃជាងគេនាពេលបច្ចុប្បន្ននេះក្នុងពិភពលោក។

បញ្ចាក់ផងថា មុនឈានដល់តម្លៃខ្លួនខ្ពស់បែបនេះ Barbra Banda ជាកីឡាការិនីម្នាក់បានស៊ុតបញ្ចូលទី ៤១គ្រាប់ពីការលេង ៥២លើកជាមួយក្រុម Shanghai Shengli នៅគ្រប់កម្មវិធី ហើយរូបនាងក៏ក្លាយជាកីឡាការិនីម្នាក់មានប្រាក់ខែខ្ពស់បំផុតមួយនៅក្នុងលីគស្ត្រីអាមេរិក NWSL ផងដែរ៕