(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានគូសបញ្ជាក់ថា ស្ដ្រីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ព្រមទាំងបានដណ្ដើមមេដាយជាច្រើនលើឆាកអន្ដរជាតិជូនប្រទេសជាតិទៀតផង ។

ការលើកឡើងនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) លើកទី៣ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណមុខវត្តបទុមវតី ដោយមានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណ ២,៦០០នាក់ចូលរួមរត់ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រនេះឡើង ដើម្បីអបអរសាទរខួបទី១១៣ នៃទិវាសិទ្ធិនារីអន្តរជាតិ ក៏ដូចជាជំរុញការចូលរួមលេងកីឡារបស់ស្ត្រី ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី តាមរយៈវិស័យកីឡា ដ្បិតស្ដ្រីកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ។

លោកទេសរដ្ឋមន្ដ្រីបន្ដថា «ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងនោះអត្តពលិកនារីកម្ពុជា តែងតែបង្ហាញនូវភាពអង់អាចរបស់ខ្លួនជាប្រចាំនៅលើឆាកកីឡាអន្តរជាតិ ជាមួយនឹងការទទួលបានជោគជ័យ និងមេដាយជាច្រើន ជូនជាតិមាតុភូមិ។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ អត្តពលិកនារីកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ រហូតអាចឲ្យកម្ពុជាឈរលើចំណាត់ថ្នាក់ទី៤ ដែលជាប្រវត្តិដ៏អស្ចារ្យបំផុតរបស់យើង»

«ជាមួយគ្នានេះដែរ កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង បានធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីភាពអង់អាចរបស់ស្រ្តីកម្ពុជា តាមរយៈការបង្ហាញឆន្ទៈ ស្មារតីកីឡា និងគុណតម្លៃអូឡាំពិកក្នុងការជម្នះបញ្ចប់ការរត់ចម្ងាយ ៥,០០០ ម៉ែត្រ របស់ខ្លួនក្រោមតំណក់ទឹកភ្លៀង» ។ លោកបណ្ឌិត ថោង ខុន បន្ថែម ។

ក្រឡេកមកចាប់អារម្មណ៍ទិវារត់ប្រណាំងស្តី្រចម្ងាយ ១០គីឡូម៉ែត្រ ឆ្នាំ២០២៤ នេះវិញ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ២,៦០០នាក់ រួមមានអត្តពលិកខ្មែរចំនួន ២,៣២៥នាក់ និងអត្តពលិកអន្តរជាតិចំនួន ២៧៥នាក់ ហើយអ្វីដែលពិសេស ក្នុងចំណោមអត្តពលិកទាំងអស់ គឺមានស្ដ្រីចំនួន ១,៤៤៦នាក់ ឬប្រមាណជាង ៦០% នៃចំនួនអ្នកចូលរួមសរុប ។ នេះគឺជាសញ្ញាណវិជ្ជមានមួយដ៏ល្អ សម្រាប់កំណើនអ្នកលេងកីឡាជាស្ដ្រីក្នុងវិស័យកីឡា ។

ឆ្លៀតឱកាសនោះ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ក៏បានអំពាវនាវឲ្យយុវជន-យុវនារីទាំងអស់ ចូលរួមលេងកីឡាទាំងអស់គ្នា និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក រួមមាន៖ ឧត្តមភាព “Excellence” ការគោរពគ្នា “Respect” និងមិត្តភាព “Friendship” ក្នុងទិសដៅកសាងពិភពលោកដ៏ស្រស់បំព្រងតាមរយៈកីឡាផងដែរ ៕