(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានសម្រេចបិទគណនីអ្នកអភិវឌ្ឍន៍ (Developer) Epic Game ដោយបានរារាំងគម្រោង Epic Games Store ពីការនាំយកទៅកាន់ iOS នៅអឺរ៉ុប។ សកម្មភាពនេះត្រូវបានធ្វើឡើងដោយសារតែការព្រួយបារម្ភរបស់ក្រុមហ៊ុន Apple អំពីការប្តេជ្ញាចិត្តតាមកិច្ចសន្យារបស់ Epic Games និងការបំពានកន្លងមករបស់ពួកគេចំពោះច្បាប់ App Store របស់ Apple។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

ច្បាប់ទីផ្សារឌីជីថល (DMA) របស់សហភាពអឺរ៉ុប នឹងអនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធី iOS ចែកចាយកមុ្មវិធីរបស់ពួកគេតាមរយៈ alternative app stores ឬហាងកម្មវិធីជំនួសនៅទូទាំង ២៧រដ្ឋដែលជាសមាជិករបស់អឺរ៉ុប។ ក្រោមការអនុវត្តច្បាប់នេះ Epic Games បានប្រកាសពីផែនការរបស់ខ្លួនក្នុងការនាំយក Epic Games Store របស់ខ្លួនកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែជុំផែនការនេះហាក់មិនត្រូវបានដំណើរការដោយរលូននោះទេ ដោយសារតែ Apple បានរិះរកវិធីសាស្រ្តរារាំងមុន ដោយបានសម្រេចបិទគណនី Developer របស់ Epic ចោលតែម្តង។

តាមរយៈលិខិតមួយដែលផ្ញើទៅកាន់ Developer របស់ Epic ដោយមេធាវីរបស់ Apple បានគូសបញ្ជាក់ពីមូលហេតុថា Epic Games ត្រូវបានគេចាត់ទុកថា «មិនគួរឱ្យទុកចិត្ត»។ សេចក្តីប្រកាសព័ត៌មានរបស់ Epic បានបង្ហាញពីការឆ្លើយឆ្លងតាមអ៊ីមែលដោយផ្ទាល់រវាង Tim Sweeny និងបុគ្គលិកជាន់ខ្ពស់ Apple លោក Phil Schiller និង Craig Federighi ។ នៅក្នុងខ្លឹមសារនោះនាយកប្រតិបត្តិ (CEO) Epic Games លោក Tim Sweeny បានធ្វើការរិះគន់ជាសារធាណៈចំពោះវីធីសាស្រ្តរបស់ Apple ចំពោះ alternative iOS app stores ដែលជាកម្មវីធីជំនួសសម្រាប់ប្រើនៅអឺរ៉ុប ដោយសារតែការអនុម័តការិយាធិបតេយ្យ និងប្រព័ន្ធកម្រៃជើងសាររបស់ពួកគេ។ ខណៈការរិះគន់នេះក៏ត្រូវបានគាំទ្រដោយខាង Xbox និង Spotify ផងដែរ។

យ៉ាងណាមិញជុំវិញបញ្ហានេះនៅមិនទាន់មានការឆ្លើយតបលម្អិតពី Apple នៅឡើយនោះទេ បើទោះជាមានការស្នើសុំពីខាង CEO លោក Tim Sweeny ឱ្យបើកដំណើរការគណនី developer របស់ខ្លួនឡើងវិញក៏ដោយ។

គួររំលឹកដែរថា Epic Games នៅតែអាចប្រើប្រាស់បានសម្រាប់ App Store ជំនួសផ្សេងទៀត ដើម្បីចែកចាយហ្គេមរបស់ទៅកាន់អឺរ៉ុបជាពិសេសនៅលើប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែចំពោះ Epic Games Store នៅលើ iOS នឹងអាចដំណើរការបានោះទេ។ ខណៈបញ្ហានេះ គណៈកម្មការសហភាពអឺរ៉ុបត្រូវបានគេរាយការណ៍ថាបានស្នើសុំ «ការពន្យល់បន្ថែម» ពី Apple ជុំវិញការសម្រេចចិត្តរបស់ខ្លួនក្នុងការបិទគណនីអ្នកអភិវឌ្ឍន៍ Epic៕