(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយកាណ៍មកថា ក្រុមហ៊ុនចិន Huawei Technologies និង Semiconductor Manufacturing International Corp (ហៅកាត់ថា SMIC) បានប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដើម្បីផលិតបន្ទះឈីបកម្រិតខ្ពស់នៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣ បើទោះបីជាមានការរឹតបន្តឹងពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា SMIC បានប្រើប្រាស់បច្ចេកវិទ្យាពី Applied Materials Inc របស់រដ្ឋកាលីហ្វ័រញ៉ា និងក្រុមហ៊ុន Lam Research Corp ដើម្បីបង្កើតបន្ទះឈីប 7-nanometer កម្រិតខ្ពស់សម្រាប់ក្រុមហ៊ុន Huawei កាលពីឆ្នាំមុន ដោយបន្ថែមថា SMIC ទទួលបានគ្រឿងចក្ររបស់អាមេរិក មុនពេលដែលសហរដ្ឋអាមេរិកបានហាមឃាត់ការលក់បែបនេះទៅកាន់ប្រទេសចិនក្នុងខែតុលា ឆ្នាំ២០២២។

ការអភិវឌ្ឍន៍នេះបានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិក ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី Gina Raimondo បានសម្តែងការខកចិត្តចំពោះការរីកចម្រើនរបស់ប្រទេសចិននៅក្នុងបច្ចេកវិទ្យាបន្ទះឈីប ប៉ុន្តែដោយបញ្ជាក់ថា បច្ចុប្បន្ននេះមិនមានភស្តុតាងណាមួយដែលបង្ហាញថាប្រទេសចិនអាចផលិតសមាសធាតុទាំងនេះ «តាមក្បួនខ្នាត» អាមេរិនោះនោះទេ។ លើសពីនេះ Huawei បានក្លាយជាតួអង្គសំខាន់នៅក្នុងឧស្សាហកម្ម semiconductor របស់ប្រទេសចិន ដោយទទួលបានការគាំទ្រពីរដ្ឋាភិបាល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរចនា និងផលិតបន្ទះឈីបរបស់ប្រទេស។កិច្ចសហការរវាងក្រុមហ៊ុន Huawei, SMIC, និង ASML បង្ហាញពីសក្ដានុពលដ៏ស្មុគស្មាញនៃបច្ចេកវិទ្យា និងពាណិជ្ជកម្មពិភពលោក។ តែយ៉ាងណាជុំវិញបញ្ហានេះ នៅមិនទាន់មានការឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយនោះទេ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន Huawei ត្រូវបានបញ្ចូលទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ដោយរដ្ឋបាល Trump ជុំវិញការបំពានទណ្ឌកម្មដែលត្រូវបានចោទប្រកាន់។ ចំណែកឯ SMIC ត្រូវបានបញ្ចូលទៅក្នុងបញ្ជីដូចគ្នាក្នុងឆ្នាំ២០២០ សម្រាប់ទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ទៅនឹងបរិវេណឧស្សាហកម្មយោធាចិន។ ប៉ុន្តែក្រោយមកត្រូវបានបន្ថូរបន្ថយការរឹតបន្តឹងពីសហរដ្ឋអាមេរិកវិញ។

គួរបញ្ជាក់ដែរថា កាលពីខែមុន Reuters បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកំណត់គោលដៅ SMIC និងកាត់ផ្តាច់រោងចក្រទំនើបបំផុតរបស់ខ្លួនពីការនាំចូលពីអាមេរិកបន្ថែមទៀត បន្ទាប់ពីខ្លួនបានផលិតបន្ទះឈីបសម្រាប់ Huawei ដែលផ្តល់ថាមពលដល់ទូរស័ព្ទ Mate 60 Pro របស់ខ្លួន។ ជាងនេះទៅទៀតរដ្ឋបាលលោក Biden បានផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបញ្ឈប់ការដឹកជញ្ជូនទៅកាន់ប្រទេសចិននូវបន្ទះឈីប AI កម្រិតខ្ពស់បន្ថែមទៀត ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ឈប់ទីក្រុងប៉េកាំងពីការទទួលបានបច្ចេកវិទ្យាទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលអាចពង្រឹងយោធារបស់ខ្លួន៕