(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នេះ បានរៀបចំបើកការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដើម្បីស្វែងរកកីឡាករឆ្នើមៗចូលរួមជាមួយក្រុមជម្រើសជាតិ និងត្រៀមការប្រកួតអន្ដរជាតិនានា ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធ ។

លោក ម៉ារ៉ា សុជាតិ បានឲ្យដឹងថា ការប្រកួតឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា នៅទីលានក្លិបឆេមពានស្នូកឃ័រ ដោយមានកីឡាករចំនួន ១៨នាក់ មកពី ១២អង្គភាព នៃរាជធានី-ខេត្តផ្សេងៗគ្នាចូលរួម ។ ការប្រកួតមាន ២វិញ្ញាសា រួមមានវិញ្ញាសាស្នូកឃ័រឯកត្ដជនបុរស អាយុ ១៦ ដល់ ៣៦ឆ្នាំ និងវិញ្ញាសាភូលកូន ៩ ឯកត្ដជនបុរស អាយុ ១៦ ដល់ ៤២ឆ្នាំ ។

លោកបន្ដថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ រៀបចំឡើង ដើម្បីផ្ដល់ឱកាសដល់កីឡាករគ្រប់បណ្ដាសមាគម/ក្លិបសមាជិក បានចូលរួមប្រកួត និងបង្ហាញសមត្ថភាព ហើយក៏ជាឱកាសសម្រាប់សហព័ន្ធស្វែងរកកីឡាករសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា និងត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ ដ្បិតឆ្នាំនេះ សហព័ន្ធមានកម្មវិធីប្រកួតជាច្រើន ដូចជានៅចិន កាតា ពិសេសគឺការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះ នៅថៃ នាចុងឆ្នាំ២០២៤ នេះតែម្ដង ។

ដូច្នេះលោកបានជំរុញឲ្យកីឡាករចូលរួមប្រកួតទាំងអស់ ត្រូវយកឱកាសនេះ ដើម្បីបង្ហាញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យខ្លួនមាន ដើម្បីដណ្ដើមនូវជយលាភី ស្របពេលកីឡាករដណ្ដើមបានជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ នឹងទទួលបានឱកាសក្លាយជាអត្តពលិកតំណាងជាតិ ដើម្បីចូលរួមការប្រកួតអន្ដរជាតិនាពេលខាងមុខ៕