(ភ្នំពេញ)៖ «ល្ខោនតន្ត្រីរាជិនីសំឡេងមាស» ដែលជាទស្សនីយភាពទម្រង់ថ្មី មិនធ្លាប់មានពីមុនមកនៅកម្ពុជា ត្រូវបានរៀបចំពិធីប្រកាសព័ត៌មានជាផ្លូវការ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ នៅឯសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ ក្នុងបន្ទប់ គ្រីស្តាល់ (Crystal Room) ជាន់ផ្ទាល់ដី។

លោក សុខ វិសាល ផលិតករ «ល្ខោនតន្ត្រីរាជិនីសំឡេងមាស» បានឲ្យដឹងថា កម្មវិធីនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងវិស័យសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់ឱកាសដល់អ្នកចូលរួម ធ្វើជាសាក្សីនៃការបើកទំព័រថ្មី របស់គម្រោង។

បន្ថែមពីនោះទៀត លោក សុខ វិសាល បានបញ្ជាក់ថា «ល្ខោនតន្ត្រីរាជិនីសំឡេងមាស» ធ្វើឡើងក្នុងគោលបំណង ដើម្បីគោរពដល់ស្នាដៃ ដែលជាមរតកដ៏យូរអង្វែង របស់រាជិនីសំឡងមាស លោកស្រី រស់ សេរីសុទ្ធា លើសពីនេះទៀត គឺដើម្បីលើកតម្លៃស្មារតីសិល្បៈខ្មែរ ដែលមិនអាចកាត់ថ្លៃបាន។

លោក សុខ វិសាល បានឲ្យដឹងទៀតថា កម្មវិធីនេះ បានផ្តល់នូវព័ត៌មានពិស្ដារ នៃកិច្ចការរៀបចំតម្លើង និងផលិតជាទស្សនីយភាពល្ខោនតន្ត្រីនេះឡើង រួមជាមួយនឹងឱកាសជួបក្រុមការងារស្នូល នៃគម្រោង ដើម្បីស្វែងយល់អំពីដើមចម នៃការបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។

សូមបញ្ជាក់ថា ការប្រកាសព័ត៌មានជាផ្លូវការ នៃ «ល្ខោនតន្ត្រីរាជិនីសំឡេងមាស» ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា គោលបំណងដើម្បីបង្ហាញ ពីការរួមចំណែករបស់ស្ត្រី ក៏ដូចជាលោកស្រី រស់ សេរីសុទ្ធា ចំពោះសិល្បៈនៅកម្ពុជា និងសង្កត់ធ្ងន់លើការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក្នុងវិស័យសិល្បៈ៕