(ភ្នំពេញ)៖ នៅមុននេះបន្ដិច ក្លិបបាល់ទាត់ វិសាខា បានប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ។ នេះគឺដំណឹងដ៏ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ដ្បិតក្លិបកំពុងដំណើរប្រកួតសុខៗស្រាប់តែប្រកាសជាសធារណៈបែបនេះ ។

ក្លិបកំពុងឈរលេខរៀងទី៣ នៃលីគកំពូលកម្ពុជា ខាងលើ បានប្រកាសនៅល្ងាចថ្ងៃសុក្រនេះថា «ក្លិបកីឡាបាល់ទាត់ វិសាខា សូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣/២៤ គិតចាប់ពីសប្ដាហ៍ទី២៤ តទៅ» ។

ទន្ទឹមជាមួយការប្រកាសដកខ្លួនដ៏ភ្ញាក់ផ្អើលនេះ វិសាខា មិនបានបញ្ជាក់អំពីមូលហេតុឡើយ ។ យ៉ាងណាមិញ ពួកគេបានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួន ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់ក្រុមជាច្រើនឆ្នាំកន្លងមក ។

គួរដឹងថា វិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀង ក្នុងជុំទី៣ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី២៤ នាថ្ងៃទី១០ ខែមីនាខាងមុខ ។ ប៉ុន្ដែយោងតាមសេចក្ដីថ្លែងការរបស់ក្លិបបាល់ទាត់ វិសាខា ជំនួបដ៏ធំប្រចាំសប្ដាហ៍នេះ នឹងមិនកើតមានឡើយ បើសិនគ្មានការប្រែប្រួលអ្វីទេនោះ ។

គិតត្រឹមសប្ដាហ៍ទី២៣ នៃលីគកំពូលកម្ពុជា ក្លិបបាល់ទាត់ វិសាខា បានឈរលេខរៀងទី៣ ក្នុងចំណោម ១០ក្លិប ដោយរកបាន ៣៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២៣ប្រកួតឈ្នះ១២ ស្មើ ២ និងចាញ់ ៩ តាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលរកបាន ៥៩ពិន្ទុ និងក្រុមភ្នំពេញក្រោន ឈរលេខ២ មាន ៥២ពិន្ទុក្នុងដៃ ៕