(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានបន្ដប្រកាសដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ទៀតហើយ ក្រោយពេលប្រមាណជាងកន្លះម៉ោង បន្ទាប់ពីពួកគេបានប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នៅល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ។

ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យជាប់គ្នានេះ បានប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «ក្លិបកីឡាបាល់ទាត់ វិសាខា មានកិត្តិយសសូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ចាប់ពីពេលនេះតទៅ»

សេចក្ដីប្រកាសព័ត៌មានដ៏ភ្ញាក់ផ្អើលពីសំណាក់ក្លិបលំដាប់កំពូលនៅកម្ពុជានេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះចម្ងល់កាន់តែខ្លាំង ដ្បិតក្លិបមិនបានបញ្ជាក់អំពីមូលហេតុអ្វីឡើយ ជុំវិញការសម្រេចចិត្តដកខ្លួនភ្លាមៗពីការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាការប្រកួតលីគកំពូលកម្ពុជា និងលីគទី២ ជាដើម ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ។ អ្នកគាំទ្រកំពុងរង់ចាំការបកស្រាយពីក្លិប ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យកីឡាបាល់ទាត់ផងដែរ ។

គួរដឹងថា សម្រាប់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ក្រុមវិសាខា កំពុងស្ថិតក្នុងបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក៏បានបញ្ចប់ការប្រកួតជើងទី១ ហើយដែរ កាលពីថ្ងៃទី០៦ ខែមីនាកន្លងទៅ ដោយប្រកួតស្មើក្រុមភ្ញៀវភ្នំពេញក្រោន ២-២ ហើយតាមគម្រោងក្រុមទាំងពីរ នឹងត្រូវជួបគ្នានៅជើងទី២ នាថ្ងៃទី១០ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ។ តែយោងតាមសេចក្ដីជូនដំណឹងរបស់វិសាខាខាងលើ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ជំនួបជើងទី២ រវាងក្រុមទាំងពីរ នឹងមិនកើតឡើងឡើយ ៕