(ភ្នំពេញ)៖ លោកស្រី ប៊ុន ចាន់និមល ស្ថាបនិក និងជាអគ្គនាយិកាប្រតិបត្តិ Sastra Film នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងពីមូលហេតុ ដែលអ្នកផលិតកុនស្រុកខ្មែរ មិនសូវមាននារី។

ការពន្យល់របស់លោកស្រី បានធ្វើឡើងក្នុងកម្មវិធីសំណេះសំណាល Women Empowerment ជាមួយនឹងវាគ្មិនល្បីៗ ចែករំលែកបទពិសោធ៍នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

បើតាមលោកស្រី និមល ដែលធ្វើការក្នុងវិស័យកុនតាំងពីវ័យ ១៨ឆ្នាំ មូលហេតុ ដែលអ្នកផលិតកុនស្រុកខ្មែរ មិនសូវមាននារី ដោយសារកត្តា៤ រួមមាន៖

*១៖ កុន ត្រូវបានគេយល់ថា ខ្វះទីផ្សារ និងមិនស័ក្តសមសម្រាប់ស្ត្រី។

*២៖ អ្នកធ្វើការ ក្នុងវិស័យកុន ត្រូវវិលកង់ឡានជានិច្ច ធ្វើឲ្យអ្នកផ្ទះ ជាពិសេសម្តាយបារម្ភ។

*៣៖ អ្នកធ្វើការក្នុងវិស័យកុន ងាយប្រះឆាជាមួយគ្រួសារ ដោយសារគាត់ចល័តជានិច្ច។

*៤៖ វិស័យកុន មិនងាយមាន Role Model ជាកម្លាំងចិត្ត ដែលជំរុញនារីឲ្យចង់ធ្វើ។

លោកស្រី និមល បានលើកទឹកចិត្តឲ្យស្ត្រីចូលរួម ក្នុងវិស័យផលិតកុន ព្រោះស្ត្រីក៏ជាកម្លាំងចលករ ដ៏សំខាន់ក្នុងសង្គម មិនមែនតែបុរសទេ ជាពិសេសស្ត្រី ត្រូវមានក្តីសុបិន្ត។

លោកស្រី ថ្លែងថា «ខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ បើគ្មានក្តីសុបិន។ ចូរធ្វើជាស្ត្រីមានគោលដៅរឹងមាំ មានស្នាមញញឹម មិនថាអ្នកជួបអ្វីក៏ដោយ»។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសក្រសួងប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» បានផ្តល់គំនិតថា គួរបង្កើតឱ្យមានការជួបជុំស្ត្រី បន្ថែមពីទិវានេះ ឱ្យបានយ៉ាងហោចណាស់ ១ដង ដើម្បីជាវេទិកាសម្រាប់ការជជែកពិភាក្សាលើស្ថានភាពស្ត្រី ការទទួលសំណូមពរ និងការលើកយោបល់ជាដំណោះស្រាយលើបញ្ហាប្រឈមដែលកើតមាន៕