(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំរឿង «បណ្ដាសាររាត្រី» ដែលសម្ដែងដោយ ព្រះនាងតូច នរោត្តម ជេនណា និងតារាល្បីមកពីប្រទេសមីយ៉ាន់ម៉ា លោក ប៉ៃតាកន បានបើកសម្ពោធបញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤​នេះ នៅផ្សារទំនើបអ៉ីអន១ ក្រោមវត្តមានតារាសម្ដែង, ផលិតករ និងទស្សនិកជនយ៉ាងច្រើនកុះករ។​

តារាល្បីមកពីប្រទេសមីយ៉ាន់ម៉ា លោក ប៉ៃតាកន បានថ្លែងប្រាប់ឲ្យដឹងថា បើកុំតែត្រូវនៅរង់ចាំថ្ងៃសម្ពោធភាពយន្តនេះ លោកត្រូវត្រលប់ទៅស្រុកវិញយូរហើយ បន្ទាប់ពីបានថតរឿង ប្រវត្តិស្នេហ៍នាងនាថ ចប់សព្វគ្រប់។ លោកបន្តថា នៅថ្ងៃទី០៨ ខែមីនា លោកនឹងត្រលប់ទៅស្រុកវិញហើយ ពោលគឺបញ្ចប់ការសម្ពោធរឿង «បណ្ដាសាររាត្រី» ភ្លាម ត្រលប់ទៅវិញភ្លាម ហើយទំនងជាយូរ ឬ ទាល់តែមានការងារថ្មីនៅកម្ពុជា ទើបលោកត្រលប់មកវិញ។

ជាមួយនឹងការបើកសម្ពោធភាពយន្តខ្នាតធំរឿង «បណ្ដាសាររាត្រីនេះ» លោក ប៉ៃតាកន ក៏ស្នើឲ្យហ្វេនៗនៅកម្ពុជា គាំទ្រស្នាដៃរបស់លោក ដោយភាពយន្តដែលលោកបានថតឲ្យផលិតកម្ម LD មួយនេះ គឺចាប់ពីថ្ងៃទី១៤ ខែមីនាតទៅ នឹងដំណើរការលក់សំបុត្រផ្លួវការ។

នៅក្នុងថ្ងៃសម្ពោធនោះ ក៏គេសង្កេតឃើញមានវត្តមានតារាៗ និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករចូលរួម ទើបធ្វើឲ្យពិធីមួយនេះ មានភាពគគ្រឹកគគ្រេង បើទោះជាពិធីសម្ពោធ ធ្វើឡើងចំថ្ងៃអាហារសាមគ្គី ជាមួយសម្ដេចនាយករដ្ឋមន្ត្រី នៅកោះពេជ្រក្ដី៕