(ប៉ារីស)៖ ការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស នៅក្នុងពិធីបើកព្រឹត្តិការណ៍ Paris 2024 Olympics នឹងត្រូវលើកយកមកពិភាក្សា នៅក្នុងការប្រជុំក្រុមប្រឹក្សាប្រតិបត្តិ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ខាងមុខ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា។ នេះបើតាម IOC បានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

នាយកប្រតិបត្តិ IOC Olympic Games លោក Christophe Dubi បានលើកឡើងថា បញ្ហានេះនឹងត្រូវពិភាក្សានៅក្នុងការប្រជុំបន្ទាប់ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ក្នុងទីក្រុង Lausanne ប្រទេសស្វីស។

​អត្តពលិករុស្ស៊ី និងបេឡារុស្ស មិនអាចចូលរួមក្នុងការប្រកួតជាក្រុម នៅព្រឹត្តិការណ៍ Olympics ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហានោះទេ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត ក្នុងនាមជាអព្យាក្រិត្យ ដោយគ្មានទង់ជាតិ ឬក៏ភ្លេងជាតិ ត្រូវបានចាក់បន្លឺសំឡេងឡើងនោះទេ។

សូមរំលឹកថា IOC បានដាក់ទណ្ឌកម្មរុស្ស៊ី និងបេឡារុស្ស បន្ទាប់ពីការឈ្លានពានលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលទីក្រុង Moscow បានហៅថា «ប្រតិបត្តិការយោធាពិសេស» ប៉ុន្តែចាប់តាំងពីពេលនោះមក បានព្យាយាមត្រួសត្រាយផ្លូវ សម្រាប់ការវិលត្រឡប់របស់ពួកគេ ដើម្បីចូលរួមប្រកួតលក្ខណៈអន្តរជាតិវិញ៕