(អាមស្ទឺដាម)៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ នឹងប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន ២លើកទល់នឹងក្រុមកាណាដា និងអ៊ីស្លង់ នៅមុនពេលព្រឹត្តិការណ៍ European Championship មកដល់នៅខែមិថុនាខាងមុខ។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់ហូឡង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Ronald Koeman ស្ថិតក្នុងពូលជាមួយក្រុមបារាំង, អូទ្រីស និងមួយក្រុមទៀត គឺជាក្រុមឈ្នះក្នុងវគ្គជម្រុះនាខែនេះនោះ នឹងស្ថិតក្នុងពូលជាមួយគ្នា នៅឯព្រឹត្តិការណ៍ European Championship ដែលប្រារព្ធឡើងនៅប្រទេសអាល្លឺម៉ង់។

ការប្រកួតលក្ខណៈមិត្តភាពនោះ ហូឡង់នឹងត្រូវជួបកាណាដា នៅថ្ងៃទី០៦ ខែមិថុនា និងអ៊ីស្លង់ ៤ថ្ងៃបន្ទាប់។

ការប្រកួតទាំងពីរ នឹងធ្វើឡើងនៅកីឡដ្ឋាន De Kuip ស្ថិតក្នុងទីក្រុង Rotterdam របស់ហូឡង់។

នៅក្នុងខែនេះ ហូឡង់ក៏បានត្រៀមរៀបចំការប្រកួតអន្តរជាតិ ចំនួន២ផ្សេងទៀតផងដែរ គឺការប្រកួតទល់នឹងក្រុមស្កុតឡេន នៅទីក្រុង Amsterdam នាថ្ងៃទី២២ ខែមីនា និងការប្រកួតមួយទៀត ធ្វើឡើងនៅទីក្រុង Frankfurt ទល់នឹងក្រុមអាល្លឺម៉ង់ នៅថ្ងៃទី២៦ ខែមីនា៕