(ឡុងដ៍)៖ ខ្សែការពារស្តាំ Kieran Trippier របស់ក្លិប Newcastle United ត្រូវអវត្តមានពីការប្រកួតចំនួន ២លើកខាងមុខ ដោយសារមានរបួសបន្តិចបន្ទួច ហើយនឹងត្រូវអវត្តមាន ក្នុងការប្រកួតលក្ខណៈមិត្តភាពរបស់ក្រុមជម្រើសជាតិអង់គ្លេស នៅចុងខែនេះផងដែរ។ នេះបើតាមសម្តីអ្នកចាត់ការ Eddie Howe ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

កីឡាករវ័យ ៣៣ឆ្នាំ ដែលធ្លាប់ទទួលការកោះហៅ ៤៦លើកលេងឱ្យក្រុមជម្រើសជាតិនេះ មានរបួសនៅក្នុងការប្រកួតធ្វើជាម្ចាស់ផ្ទះឈ្នះ ៣-០ របស់ Newcastle លើក្លិប Wolverhampton Wanderers កាលពីចុងសប្តាហ៍មុន។

«របួសរបស់កីឡាករ Kieran មិនធ្ងន់ធ្ងរខ្លាំងនោះទេ គឺស្រាលប៉ុណ្ណោះ។ ការស្កេនបានបង្ហាញថា គាត់ប្រហែលត្រូវអវត្តមាន ២ប្រកួតខាងមុខ ហើយត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកវិញ សម្រាប់ការប្រកួតលើកដំបូង បន្ទាប់ពី International break»

Newcastle នឹងធ្វើដំណើរទៅជួបក្លិបចំណាត់ថ្នាក់ទី១១ Chelsea ក្នុងលីគ Premier League នៅថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់មកនឹងធ្វើដំណើរទៅជួបក្លិប Manchester City ក្នុងវគ្គ ៨ក្រុមចុងក្រោយ FA Cup នៅថ្ងៃទី១៦ ខែមីនាខាងមុខ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមជម្រើសជាតិអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវប្រេស៊ីល និងបែលហ្សិក នៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៣ និងថ្ងៃទី២៦ ខែមីនា ដាច់ដោយឡែកពីគ្នា។

សូមជម្រាបថា Newcastle កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុង Premier League ដោយមាន ៤០ពិន្ទុ ពី ២៧ប្រកួត៕