(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា អ្នកដឹកនាំ និងជាបុគ្គលិកជាន់ខ្ពស់ នៅក្នុងឧស្សាហកម្មហ្គេម Lingxi Group ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba Group គ្រោងចុះចេញពីតំណែង ដើម្បីផ្តល់អាទិភាពទៅអ្នកដឹកនាំដែលមានវ័យក្មេងជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

Alibaba ចាប់ផ្តើមអនុវត្តន៍គោលការណ៍ថ្មីនេះក្នុងអំឡុងឆ្នាំ២០២៣ ដើម្បីជាផ្នែកមួយក្នុងការលើកកម្ពស់បុគ្គលវ័យក្មេងដែលកើតក្រោយឆ្នាំ១៩៨៥ ទៅជាតួនាទីជាអ្នកដឹកនាំ ក្នុងគោលបំណងរក្សានូវផ្នត់គំនិតចាប់ផ្តើមអាជីវកម្ម និងជៀសវាងការជាប់គាំងក្នុងការអនុវត្តចាស់។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា បុគ្គលិកជាន់ខ្ពស់ចំនួន ៣រូបនឹងត្រូវលាលែងពីតំណែងក្នុងនោះរួមមានលោក Zhan Zhonghui ដែលជាប្រធានគ្រប់គ្រងបច្ចុប្បន្ននៃឧស្សាហកម្មហ្គេម Longxi Games រួមជាមួយបុគ្គលិកជាន់ខ្ពស់ចំនួន ២រូបទៀតមិនបង្ហាញអត្តសញ្ញាណនឹងលាលែងពីតំណែងនៅចុងខែមីនាឆាប់ៗនេះ។ យ៉ាងណាមិញក្នុងតួនាទីនេះត្រូវបានគេឱ្យដឹងថា Alibaba នឹងចាត់តាំងលោក Zhou Bingshu ដែលជាអ្នកផលិតហ្គេម នឹងមានបទពិសោធន៍លើផ្នែកនេះឱ្យចូលកាន់តំណែងបន្ត។

បើតាមប្រភពដែលដឹងអំពីបញ្ហានេះ ប៉ុន្តែមិនបង្ហាញអត្តសញ្ញាណបានបង្ហើបឱ្យដឹងថា លោក Zhan Zhonghui ដែលគ្រោងលាលែងពីតំណែងគឺមានវ័យ ៥០ឆ្នាំ ខណៈដែលលោក Zhou Bingshu ដែលត្រៀមចូលកាន់តំណែងជាអ្នកដឹកនាំនៅ Longxi Games គឺមានវ័យ ៣០ឆ្នាំ។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីការផ្លាស់ប្តូរនេះ Alibaba នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នៅឡើយនោះទេ។

Lingxi Games ត្រូវបានគេស្គាល់តាមរយៈហ្គេមតាមទូរស័ព្ទដ៏ពេញនិយមមួយដែលឈ្មោះថា «Three Kingdom Tactics» ដែលបានចេញផ្សាយក្នុងជាលើកដំបូងក្នុងឆ្នាំ២០១៩ និងផលិតដោយលោក Zhou Bingshu ។ ហ្គេមយុទ្ធសាស្ត្រ ដែលអ្នកលេងប្រកួតប្រជែងដើម្បីកសាងអាណាចក្រ រកចំណូលបានជាង ១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំដំបូង បន្ទាប់ពីការចេញផ្សាយរបស់វា នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ SensorTower ។

គួរជម្រាបដែរថា លោក Zhan Zhonghui កាលពីដើមឡើយលោកបានកសាងស្នាដៃបង្កើតក្រុមហ៊ុនមួយដែលឈ្មោះថា Guangzhou Ejoy ក្នុងឆ្នាំ២០១១ បន្ទាប់ពីលោកខិតខំធ្វើការនៅ NetEase Inc អស់រយៈពេលជាងមួយទស្សវត្សរ៍ ជាកន្លែងដែលលោកបានបម្រើការជាប្រធានផ្នែកប្រតិបត្តិការ។ ប៉ុន្តែក្រោយមក Ejoy ត្រូវបានទិញយកដោយ Alibaba ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ ១ពាន់លានដុល្លារ ហើយក៏បានក្លាយជា Lingxi Games នាពេលបច្ចុប្បន្ននេះ៕