(ក្រុងឡុងដ៍)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City ចាត់ទុកថា កូនសិស្សសំណព្វរបស់លោក Phil Foden គឺជាកីឡាករដ៏ល្អបំផុតនៅលីគកំពូលអង់គ្លេស Premier League នាពេលបច្ចុប្បន្ន ក្រោយធ្វើធ្វើបានល្អ ក្នុងជំនួប Derby ដែលបានយកឈ្នះ Manchester United ៣-១ នាសប្តាហ៍មុន។

យ៉ាងនេះក្តី គេហទំព័រកីឡា Live Score ពុំបានយល់ស្របទៅនឹងគ្រូបង្វឹកខាងលើនោះទេ ដោយបានជ្រើសរើសខ្សែបម្រើ Kevin de Bruyne ជំនួសវិញ និងអ្នកបន្តបន្ទាប់មានដូចខាងក្រោមផងដែរ។

១៖ Kevin de Bruyne
កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះ បានរួមចំណែករកបានគ្រាប់បាល់រៀងរាល់ ៤៨នាទី គ្រប់កម្មវិធីប្រកួតរបស់ Man City គិតចាប់តាំងពីបានបង្ហាញខ្លួនវិញនាខែមករាមក ក្រោយពេលជាពីរបួសដែលអវត្តមានអស់ ៥ខែ។ គូប្រជែងរបស់គេពុំដែលមានអារម្មណ៍សុវត្ថិភាពឡើយ នៅពេលមានវត្តមាន De Bruyne នៅលើទីលាន ជាពិសេសរាល់លើកទល់នឹង Liverpool និង Arsenal ជាដើម នៅពេលប៉ះ City។

២៖ Rodri
Rodri គឺជាកីឡាករសំខាន់បន្ទាប់ នៅតំបន់បម្រើរបស់ Man City ក្រៅពី De Bruyne។ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះតែងតែរកបានគ្រាប់ ដែលជួយឱ្យ City សម្រេចបានបំណងធំ តាមរយៈឈ្នះពានអឺរ៉ុប UEFA Champions League រដូវកាលមុនផងដែរ។

៣៖ Mohamed Salah
ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ រកគ្រាប់បាល់មិនតិចជាង ១៩គ្រាប់ឡើយ ក្នុង ១រដូវកាលនៅ Premier League ក្នងរយៈពេល ៦រដូវកាលមកនេះជាមួយ Liverpool និងរកបាន ១៥គ្រាប់ច្រើនជាងគេឈរនៅចំណាត់ថ្នាក់លេខ៣ នារដូវកាលនេះ គ្រាដែលហង្សក្រហមក៏បានកំពុងឈរនៅទីកំពូលតារាងលីគដែរ។

៤៖ Phil Foden
ខ្សែបម្រើអង់គ្លេស វ័យទើបតែ ២៣ឆ្នាំរូបនេះ បានវិវត្តន៍ខ្លួន ក្លាយជាកីឡាករដែលលោក Guardiola មិនអាចខ្វះបាន នៅលើទីលាន ដែលរូបគេរកបាន ១១គ្រាប់ និងបោះឱ្យគេស៊ុត ៧គ្រាប់ផងដែរសម្រាប់រដូវកាលនេះ។

៥៖ Erling Haaland
តារាជើងស៊ុត Haaland បានកំពុងធ្វើដំណើរទៅរកស្បែកជើងមាសនៅ Premier League ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤ ដែលស៊ុតបាន ១៨គ្រាប់ច្រើនជាងគេ តាមពីក្រោយដោយ Ollie Watkins របស់ Aston Villa ដែលមាន ១៦គ្រាប់។

៦៖ Bukayo Saka
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ តែងតែបង្ហាញសមត្ថភាពរកគ្រាប់បាល់ជានិច្ច ក្នុងចំណោម ៥ប្រកួតក្នុងលីគជាប់ៗគ្នា ជាពិសេសក្នុងប្រកួតដែលកំាំភ្លើងធំ Arsenal បានបំបាក់ Sheffield United ៦-០ កាលពីរាត្រីថ្ងៃចន្ទ ដែលរូបគេបានចំណែកបោះបាល់ឱ្យគេបាន ២គ្រាប់ផងដែរ។

៧៖ Virgil van Dijk
ខ្សែការពារអន្តរជាតិហូឡង់មួយនេះ តែងតែគ្រប់គ្រងតំបន់ការពារបានល្អបំផុតរបស់ Liverpool ក្នុងការរារាំងខ្សែប្រយុទ្ធនានាស្វែងរកគ្រាប់បាល់ និងបានជួយហង្សក្រហមឡើងមកឈរទីកំពូលតារាង Premier League នាពេលបច្ចុប្បន្ននេះដែរ។

៨៖ Declan Rice
Arsenal តែងតែប្រើប្រាស់កីឡាករអង់គ្លេស Declan Rice នៅតំបន់ការពារ និងបំពេញបន្ថែមនៅតំបន់បម្រើផងដែរ។ ការចុះកិច្ចសន្យានាំយក Rice ពី West Ham United នារដូវកាលមុនមក បានញាំងឱ្យកាំភ្លើងធំមានឱកាសច្រើនក្នុងការគ្រប់គ្រងការប្រកួតផងដែរ។

៩៖ Martin Odegaard
Rice គឺជាដៃគូដ៏សំខាន់របស់ខ្សែប្រយុទ្ធពាក់លេខ៩ Martin Odegaard ដែលបានរួមចំណែកជួយ Arsenal ឈ្នះ ៧ប្រកួតជាប់ៗគ្នានៅ Premier League ក្នុងឆ្នាំ២០២៤ នេះ ដោយរកបាន ៣១គ្រាប់ និងរបូតវិញតែ ៣គ្រាប់ប៉ុណ្ណោះ។

១០៖ Ollie Watkins
Watkins គឺជាកីឡាករតែម្នាក់គត់ ដែលរកបាន ២គ្រាប់ និងបោះបាល់ឱ្យគេស៊ុតបាន ២គ្រាប់ផងដែរ ក្នុងចំណោម ២ប្រកួតក្នុងលីគទៀតផង។ រូបគេបានកំពុងជួយ Aston Villa ក្នុងការស្វែងកៅអីលេងពាន UEFA Champions League សម្រាប់រដូវកាលក្រោយផងដែរ៕