(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានបណ្តេញបុគ្គលិកម្នាក់ដែលធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីន ក្នុងអំឡុងពេលសុន្ទរកថារបស់ក្រុមហ៊ុននៅទីក្រុងញូវយ៉ក។ នេះបើយោងតាមការចេញផ្សារដោយ TheVerge នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា អតីតបុគ្គលិកផ្នែកវិស្វកររបស់ Google នៅផ្នែក Google Cloud បានបង្ហាញសកម្មសកម្មមិនសមរម្យក្នុងអំឡុងពេលធ្វើបទបង្ហាញដោយបុគ្គលិកជាន់ខ្ពស់ប្រចាំនៅ Google ជាមួយនឹងបុគ្គលិជាន់ខ្ពស់កាន់នៅសាខាង Google អ៊ីស្រាអែល ដោយស្រែកថា «ខ្ញុំបដិសេធក្នុងការបង្កើតបច្ចេកវិទ្យាដែលផ្តល់អំណាចដល់ការប្រល័យពូជសាសន៍ ការរើសអើង ឬការឃ្លាំមើល»។ មិនត្រឹមតែប៉ុណ្ណោះអតីតបុគ្គលិករូបនោះបានធ្វើការរិះគន់យ៉ាងចាស់ដៃលើគម្រោង Nimbus ដែលជាកិច្ចសន្យាមានតម្លៃប្រមាណ ១.២ពាន់លានដុល្លាររវាង Google, Amazon និងរដ្ឋាភិបាលអ៊ីស្រាអែល និងយោធាសម្រាប់សេវាកម្ម Cloud Computing។

អ្នកនាំពាក្យក្រុមហ៊ុន Google បានឱ្យដឹងថា បុគ្គលិកនោះត្រូវបានបញ្ឈប់ពីការងារដោយសារ «ជ្រៀតជ្រែកជាមួយនឹងព្រឹត្តិការណ៍ផ្លូវការដែលឧបត្ថម្ភដោយក្រុមហ៊ុន»។ តែយ៉ាងណាជុំវិញករណីនេះប្រភពពី No Tech For Apartheid ដែលជាអង្គការប្រមូលផ្តុំប្រឆាំងនឹងគម្រោង Nimbus បានចេញផ្សាយសេចក្តីថ្លែងការណ៍អំពីការបណ្តេញវិស្វករចេញដោយបានលើកឡើងថា «គោលបំណងរបស់ Google គឺច្បាស់ណាស់៖ សាជីវកម្មនេះកំពុងព្យាយាមបំបិទមាត់កម្មករ ដើម្បីលាក់បាំងទង្វើអសីលធម៌របស់ពួកគេ»

គួជម្រាបដែរថា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន បានបង្កឱ្យមានការមិនពេញចិត្តពីសំណាក់ផ្ទៃក្នុងរបស់ Google ដោយមានបុគ្គលិជាង ៦០០នាក់បានជំរុញឱ្យក្រុមហ៊ុននេះ បោះបង់ចោលការឧបត្ថភម្ភរបស់ខ្លួនសម្រាប់វេទិកាបច្ចេកវិទ្យារបស់អ៊ីស្រាអ៊ែល ហើយក៏បានក្រោកឈរប្រឆាំងនឹង Project Nimbus របស់ Google ជុំវិញការបាត់បង់ជីវិតមនុស្សជាច្រើននៅហ្គាហ្សា៕