(ភ្នំពេញ)៖ ជើងឯកកីឡាការិនី ​សង្ឃឹមថានឹងជួយជំរុញទឹកចិត្ត​យុវជន និង​យុវនារីឱ្យ​ចូល​រួមក្នុងការលេងកីឡា។

តាមទំនៀម​ទម្លាប់ពីដើមមក បុរស​តែងមានអនុភាពជាងស្រ្តីនៅលើវិស័យ​កីឡា។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អត្តពលិក​នារី​កម្ពុជា​បានបង្ហាញឱ្យឃើញ​ថាពួកគេគឺយ៉ាងហោចណាស់ ក៏មានភាពរឹងមាំមានការតាំងចិត្ត និងមានសេចក្តីអត់ធន់ដូចជាបុរសដែរ។

នាឱកាសប្រារព្ធទិវានារីអន្តរជាតិ​ឆ្នាំ​២០២៤ អត្តពលិកស្រ្តីគំរូកម្ពុជាចំនួន៦នាក់ បានមកជួបជុំគ្នា​ក្នុងការចូលរួមលើកទឹកចិត្តដល់ស្ត្រី និងកុមារីឱ្យឡើង​ប្រកួតកីឡាដើម្បីក្លាយជាជើងឯកនាពេលខាងមុខ ដោយក្នុងនោះរួមមានអត្តពលិកប៉ារ៉ាឡាំពិក និងម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម វ៉ិត ចន្ថា (អត្តពលកម្ម) និង ឌួង ច័ន្ទរក្សា (កីឡាបាល់បោះជិះរទេះ)។ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម សំ ចិន្តា ជាកីឡាការិនីវាយកូនបាល់ កំពូលកីឡាការិនីរត់​ចម្ងាយ ​ហេង ម៉ី​ជូ (អត្តពលកម្ម) ម្ចាស់​ពានរង្វាន់ស្បែកជើង​មាស បាន ជាវៃ (កីឡាបាល់ទាត់នារី) និង​កីឡាការិនីប្រដាល់គុនចម្រុះដំបូងគេនៅកម្ពុជា MMA (ល្បុក្កតោ) និង​ជាតារា​សម្ដែងផងដែរគឺ សំ ថារ័ត្ន ។

អត្តពលិក​ស្ត្រីទាំង៦​រូប នឹងមានវត្តមាន​ពិសេស​ក្នុង​ខ្សែ​វីដេអូ​ ៨ភាគ នៃកម្មវិធី កីឡាដើម្បីការផ្លាស់ប្តូរ (Change the Game) ដែលនឹងចាក់ផ្សាយពេញមួយខែមីនា តាមប្រព័ន្ធអនឡាញ និងប៉ុស្តិ៍ទូរទស្សន៍នានា។ នៅក្នុងខ្សែវីដេអូនេះ អត្តពលិកម្នាក់ៗ នឹងចែករំលែកដំណើរជីវិតរបស់ពួកគាត់នៅក្នុងវិស័យកីឡា និងរៀបរាប់ពីរបៀបដែលពួកគាត់បានយកឈ្នះលើបញ្ហាប្រឈមនានា ដើម្បីក្លាយជាជើងឯក។

នៅក្នុងវីដេអូមួយឈុតទៀត អត្តពលិកទាំង៦នាក់នឹងមកជួបជុំពិភាក្សាគ្នាក្នុងតុមូលមួយ ដើម្បីចែករំលែកគំនិត និងបទពិសោធរបស់ពួកគេអំពីវិធីសាស្រ្តពង្រីកឥទ្ធិពលស្ត្រីនៅក្នុងវិស័យកីឡា ក៏ដូចជារបៀបដែលពួកគេ ក្នុងនាមជាសហគមន៍នៃអ្នកដឹកនាំស្ត្រី អាចជួយលើកទឹកចិត្តបន្ថែមទៀត ទៅកាន់ស្ត្រី និងក្មេងស្រីដទៃទៀតដើម្បីចូលលេងកីឡា។

សំ ថារ័ត្ន ដែលត្រូវបានគេ​ទទួល​ស្គាល់ថា​ជាអ្នក​ប្រដាល់​ក្បាច់គុនចម្រុះ(MMA) ស្ត្រីដំបូងគេនៅក្នុងកម្ពុជាបាននិងកំពុងដឹកនាំ​ក្រុមអត្តពលិក​ទាំងអស់​ក្នុងនាមជាទីប្រឹក្សាសម្រាប់កម្មវិធីនេះ។

«គម្រោងនេះពិតជាសំខាន់សម្រាប់ខ្ញុំណាស់។ អំឡុងពេលដែលធំដឹងក្តី​ឱកាសមានមិនច្រើនទេសម្រាប់ក្មេងស្រីដូចជា​ខ្ញុំក្នុងការចូលលេងកីឡា ស្ទើរតែគ្មានទៅទៀតនោះគឺការហាត់សិល្បៈក្បាច់គុន ​ដែលមនុស្សភាគច្រើនមកដល់សម័យនេះហើយនៅតែចាត់ទុកថាជាកីឡាសម្រាប់បុរស»។ សម្តីរបស់ថារ័ត្ន អ្នកមាន​ដើម​កំណើត​ក្នុង​ក្បាច់​គុន​ខ្មែរ គឺ​គុន​ល្បុក្កតោ ដែលត្រូវបានចងក្រងជា​ឯកសារ​យ៉ាងល្អ នៅក្នុងខ្សែភាពយន្តឯកសាររឿង គុនល្បុក្កតោរស់ឡើងវិញ​ ឬ Surviving Bokator (២០១៨)។

«វាពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែដោយមានការគាំទ្រពីគ្រួសារខ្ញុំ និងសហគមន៍ល្បុក្កតោ ព្រមទាំងមានប្រព័ន្ធផ្សព្វផ្សាយដែលបានជួយបង្ហាញថា Little Frog (រហ័សនាមរបស់កញ្ញាក្នុងពិភពកីឡា) គឺមានភាពស្វិតស្វាញដូចអ្នកប្រដាល់ផ្សេងទៀតដែរ ហេតុនេះខ្ញុំអាចធ្វើវាបាន»

កញ្ញាថារ័ត្ន ក៏ជាតារាសម្ដែងនិងជាតួ stunt ផងដែរ ហើយសំខាន់ជាងនេះទៅទៀត កញ្ញាគឺជាអ្នកតស៊ូមតិក្នុងការពង្រឹងសិទ្ធិនារី និងសមភាពយេនឌ័រក្នុងវិស័យកីឡា និងការអប់រំ។

កញ្ញាបានបន្ថែមថា «នេះជាឱកាសដ៏ល្អសម្រាប់អត្តពលិកដូចជាខ្ញុំ ក្នុងការការប្រើប្រាស់រឿងរ៉ាវនៃការតស៊ូនិងជ័យជម្នះរបស់យើង ដើម្បីជំរុញទឹកចិត្តយុវជន ស្រ្ដីនិងក្មេងស្រីកម្ពុជានៅទីនោះ ឱ្យគិតគូរពីអនាគតរបស់ខ្លួនក្នុងការចូលរួមជាមួយនឹងវិស័យកីឡា ដែលអាចជាមោទនភាព និងការបំពេញបំណងប្រាថ្នាផងដែរ»

ខ្សែវីដេអូរបស់កញ្ញា ថារ័ត្ន គឺជាវីដេអូដំបូងគេដែលនឹងត្រូវបានចាក់ផ្សាយចេញពីស៊េរីនៃកម្មវិធីនេះ ហើយបន្តមកគឺជារឿងរ៉ាវរបស់អត្តពលិក ៥ រូបផ្សេងទៀតនិងការពិភាក្សាតុមូលជាក្រុមផងដែរ៕