(ភ្នំពេញ)៖ តារាចម្រៀង ផល ភក្ត្រា អតីតបេក្ខភាពប្រឡងកម្មវិធីទូរទស្សន៍ អាសុីអាគ្នេយ៍ និងជាម្ចាស់សំនៀងបទ «កុំភ្លេចបងណា, បងគិតដល់អូន» និងបទ «អាសូរអ្នកក្រ» ដែលជាបទចម្រៀងដែលមានការគាំទ្ររាប់សែនលាននាក់ ថ្មីៗនេះ លោកបានវិលចូលសិល្បវិញហើយ ក្រោយពីបាត់មុខពីសិល្បៈរយៈពេល២ឆ្នាំ ព្រោះតែបញ្ហាជីវិត។​

តារាចម្រៀង ផល ភក្ត្រា បាននិយាយថា មូលហេតុដែលបាត់មុខពីសិល្បៈ ដោយសារបញ្ហាទៅលើជីវិតផ្ទាល់ខ្លួន រកសុីខាតបង់ បញ្ហាហិរញ្ញវត្ថុ ជួបមនុស្សរាប់អានបោកប្រាស់ច្រើន និងមួយវិញទៀតនោះ គឺផ្តោតទៅលើមុខរបររកសុីខ្លួនឯងច្រើន រហូតមិនបានទទួលនូវការងារសិល្បៈ។​ ក្នុងនោះផងដែរ ក៏ធ្លាប់មានអារម្មណ៍មួយនៅក្នុងជីវិត ធ្លាប់គិតខ្លី មានអារម្មណ៍ហត់នឿយនៅជីវិតមួយនេះ មិនហ៊ានបញ្ចេញនៅមុខខ្លួនឯងក្នុងបណ្តាញសង្គម ចាប់ផ្តើមឃ្លាតពីសិល្បៈឆ្ងាយទៅឆ្ងាយទៅ ទំនាក់ទំនងសិល្បៈលែងសូវមាន បាត់មុខពីកញ្ចក់ទូរទស្សន៍។

លោកបន្តថា ទើបតែមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកទើបតែបានអារម្មណ៍ល្អមកវិញ ជាពិសេសនោះគឺ ទទួលបានពីការលើកទឹកចិត្តពីហ្វេនៗនិងមនុស្សជុំវិញខ្លួន អោយលោកបន្តការងារសិល្បៈឡើងវិញ និងបញ្ចេញនៅបទចម្រៀងអោយពុកម៉ែបងប្អូនស្តាប់កម្សាន្តដូចមុនវិញផងដែរ។

តារាចម្រៀង ផល ភក្ត្រា និយាយាថា «បច្ចុប្បន្ននេះខ្ញុំក៏មានការងារមួយទៀត ដែលបងប្រុស ម្ចាស់ក្រុមហ៊ុនបានផ្តល់ឱកាសសម្រាប់ខ្ញុំ ក្លាយទៅជាដៃគូសហការរបស់ក្រុមហ៊ុន Merino ដែលជាក្រុមហ៊ុនសុខភាពឯកទេសខ្ពស់។ ជាថ្មីម្តងទៀត ក៏ដូចជាបើកពន្លឺសិល្បៈសម្រាប់ខ្ញុំម្តងទៀត ខ្ញុំក៏បានសំណូមដល់ពុកម៉ែបងប្អូនជួយគាំទ្រដល់រូបខ្ញុំ បន្តឡើងវិញផង ជាពិសេសដល់បងៗផលិតកម្មវិធីទូរសទ្សន៍ ឬ Event ផ្សេងៗ»