(បរទេស)៖ ប្រធានាធិបតិយ្យអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកនឹងចុងហត្ថលេខាលើច្បាប់ ដែលផ្តល់ឱ្យក្រុមហ៊ុន ByteDance មេធំកម្មវិធី TikTok មានពេលប្រហែលប្រាំមួយខែ ដើម្បីបោះបង់ការគ្រប់គ្រងរបស់ខ្លួននៅអាមេរិក ខណៈដែលគូប្រជែងផ្នែកនយោបាយរបស់លោក Donald Trump បានលើកឡើងពីការព្រួយបារម្ភអំពីការហាមឃាត់សេវាកម្ម ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

សភាតំណាងរាស្រ្តអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍ក្រោយ លើសេចក្តីព្រាងច្បាប់ ហាមឃាតិ TikTok បន្ទាប់ពីគណៈកម្មាធិការមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានអនុម័តជាឯកច្ឆ័ន្ទហើយលើវិធានការនេះ។ លោក Biden បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនច្បាប់នោះឆ្លងការសភាដោយជោគជ័យ នៅខ្ញុំនឹងចុះហត្ថលេខាលើវា» ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ ប្រឈមនឹងលទ្ធផលមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ព្រោះសមាជិកសភាខ្លះនិយាយថាពួកគេចង់ផ្លាស់ប្តូរច្បាប់។

Trump ដែលមកពីគណបក្សសាធារណរដ្ឋ កំពុងស្វែងរកការគាំទ្រសម្រាប់វិលត្រឡប់ទៅកាន់សេតវិមានក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ បានសម្តែងការជំទាស់ចំពោះការហាមឃាត់ TikTok ដោយនិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ប្រសិនបើអ្នកកម្ចាត់ TikTok ឬក៏ Facebook ... នឹងធ្វើឱ្យអាជីវកម្មរបស់ពួកគេកើនឡើងទ្វេដង...»

គួរជម្រាបថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យ ByteDance មានរយៈពេល១៦៥ថ្ងៃ ដើម្បីបោះបង់ការគ្រប់គ្រោងកម្មវិធី TikTok នៅអាមេរិក។ ប្រសិនបើបរាជ័យក្នុងការធ្វើដូច្នេះ គឺបានន័យថា នៅក្នុងនៅលើ App Store ឬ App ផ្សេងៗទៀត នៅទូទាំងអាមេរិក នឹងមិនមានកម្មវិធី TikTok ទៀតឡើយ៕