(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នៅល្ងាចថ្ងៃទី០៩ ខែមីនានេះ បានជូនដំណឹងជាផ្លូវការ ជុំវិញការប្រកួតសប្ដាហ៍ទី២៤ នៃលីគកំពូលកម្ពុជា រវាងក្រុមវិសាសាខា និងព្រះខ័នរាជស្វាយរៀង ដែលគ្រោងជួបគ្នា នាល្ងាចថ្ងៃទី១០ ខែមីនា នៅកីឡដ្ឋានព្រីនស៍ថ្ងៃនេះ គឺមិនមានការប្រកួតឡើយ។

ការជូនដំណឹងធ្វើឡើង ១ថ្ងៃក្រោយក្លិបបាល់ទាត់ វិសាខា បានប្រកាសដកខ្លួនពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣/២៤ ចាប់ពីសប្ដាហ៍ទី២៤ តទៅ ព្រមទាំងដកខ្លួនពីការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ កាលពីម្សិលមិញ។

យោងតាមសេចក្ដីជូនដំណឹងរបស់ CPL ខាងលើ បានបញ្ជាក់ថា «ការប្រកួតថ្ងៃស្អែកនេះ រវាង វិសាខា ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ហ្វូតបល ក្លិប ឯ.ក នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ គឺមិនមានការប្រកួតនោះទេ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកគាំទ្របាល់ទាត់ជាតិជ្រាបជាព័ត៌មាន»

ការជូនដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែងឿងឆ្ងល់ ដ្បិត CPL ក៏ពុំបានបញ្ជាក់អំពីមូលហេតុ ដែលមិនមានការប្រកួតរវាងក្រុមទាំងពីរថា ការប្រកួតនេះ ត្រូវបានលុបចោល ឬលើកពេលនោះឡើយ។

គួរដឹងថា កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ក្លិបបាល់ទាត់ វិសាខា បានប្រកាសដំណឹងដាក់ភ្ញាក់ផ្អើក ជុំវិញការដកខ្លួនពីការប្រកួតលីគកំពូល ក៏ដូចជាលីគទី២ ពិសេសពានរង្វាន់ Hun Sen Cup ដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង ដ្បិតក្លិបមិនបានបញ្ជាក់ពីមូលហេតុ នៃការដកខ្លួនដែរ រហូតមកទល់ពេលនេះ។

យ៉ាងណាមិញការដកខ្លួននេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្លិបមួយចំនួន ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ មានការសោកស្ដាយជាខ្លាំង ដ្បិតគេបានចាត់ទុកវិសាខា គឺជាក្លិបមួយដ៏ធំ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ហើយក៏សង្ឃឹមថា នឹងមានដំណោះស្រាយ ចំពោះបញ្ហាដែលនាំឲ្យក្លិបឈានដល់ការដកខ្លួន ត្រឡប់មកចូលរួមការប្រកួតផ្សេងៗដូចធម្មតាវិញផងដែរ។

សូមបញ្ជាក់ថា ដំណាលគ្នានឹងការជូនដំណឹងអំពីជំនួបជុំទី៣ រវាងក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង CPL ក៏បានជូនដំណឹងសម្រាប់ជំនួបលីគទី២ សប្ដាហ៍ទី២០ រវាងក្រុមសៀមរាបអេហ្វស៊ី និងក្រុម វិសាខា (ខ) នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះ ក៏មិនមានការប្រកួតដែរ៕