(ឡុងដ៍)៖ ក្លិប Tottenham Hotspur នឹងមិនចំណាយលុយរហូតដល់ ១០០លានផោន (១២៨.៥៧លានដុល្លារ) លើការចុះកិច្ចសន្យានាំយកកីឡាករតែម្នាក់នោះទេ។ នេះបើយោងតាមសម្តីអ្នកចាត់ការ Ange Postecoglou បានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

Spurs បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Brennna Johnson ក្នុងតម្លៃ ៥០លានផោន និងខ្សែបម្រើ James Maddison ក្នុងតម្លៃ ៤០លានផោននារដូវកាលដោះដូរកីឡាករជាលើកដំបូងកាលពីឆ្នាំមុន របស់អ្នកចាត់ការសញ្ជាតិអូស្ត្រាលី។

កាលពីខែមករាកន្លងទៅនេះ Spurs បាននាំយកខ្សែប្រយុទ្ធ Timo Werner ក្នុងលក្ខខណ្ឌខ្ចីជើង និងខ្សែការពារ Radu Dragusin ផងដែរ។

​Spurs បានចុះកិច្ចសន្យាជាមួយកីឡាករ ១០នាក់ ស្ថិតក្រោមការដឹកនាំរបស់លោក Postecoglou គិតមកទល់ពេលនេះ ហើយត្រូវបានគេរំពឹងថា នឹងចុះកិច្ចព្រមព្រៀងបន្ថែមទៀត ក្នុងពេលបិទរដូវកាល បន្ទាប់ពីបានចុះកិច្ចសន្យានាំយកខ្សែបម្រើវ័យ ១៨ឆ្នាំ សញ្ជាតិស៊ុយអែត Lucas Bergvall កាលពីខែមុន ដែលនឹងចូលរួមជាមួយពួកគេ ក្នុងខែកក្កដាខាងមុខ។

សូមជម្រាបថា ក្លិបដែលដឹកនាំដោយលោក ​Postecoglou កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ នាតារាងលីគកំពូលអង់គ្លេស Premier League ហើយនឹងត្រូវជួបក្លិប Aston Villa ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ នាថ្ងៃអាទិត្យស្អែកនេះ៕