(ភ្នំពេញ)៖ ដូចលោកអ្នកដឹងហើយថា កញ្ញា ប៉ិច ស្រីណុច គឺជាម្ចាស់ពាន Master Chef Cambodia រដូវកាលទី២ ខណៈម្ចាស់ពានកម្មវិធីនេះ រដូវកាលទី១ គឺជាបុរស។ មានរឿងគួរឲ្យចាប់អារម្មណ៍ ចំពោះ ស្រីណុច គឺនាងបានយកជ័យជម្នះលើពាក្យ «ចុងភៅធ្វើបានតែមនុស្សប្រុស» មុននឹងយកជ័យជម្នះកម្មវិធីប្រកួតប្រជែងដ៏ធំមួយនេះ។

ការចូលរួមប្រកួតកម្មវិធី Master Chef Cambodia របស់ ស្រីណុច ពុំមានមិត្តភក្តិលើកទឹកចិត្តឡើយ មានតែពាក្យបង្អាក់ទឹកចិត្ត។ នេះជាការថ្លែងរបស់ ស្រីណុច ក្នុងកម្មវិធីសំណេះសំណាល Women Empowerment ជាមួយនឹងវាគ្មិនល្បីៗ ចែករំលែកបទពិសោធ៍នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

សម្រាប់ ប៉ិច ស្រីណុច នាងមិនបានយកចិត្តទុកដាក់ទៅលើពាក្យសម្ដីរបស់គេ ដើម្បីបង្អាក់ដំណើរឆ្ពោះទៅរកក្ដីស្រមៃរបស់នាងនោះទេ។

ប៉ិច ស្រីណុច បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់ថ្ងៃមួយ គឺជាថ្ងៃនៃការចាប់ផ្តើមក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំបានដាក់ពាក្យប្រកួតក្នុងកម្មវិធីធ្វើម្ហូប Master Chef Cambodia ហើយបានប្រាប់ទៅកាន់ក្រុមគ្រួសារ និងអ្នកស្គាល់គ្នាមួយចំនួន ហើយខ្ញុំក៏បានឮពាក្យមួយទៀតថា ចុងភៅធ្វើបានតែមនុស្សប្រុសទេ។ យើងជាមនុស្សស្រីធ្វើតែម្ហូបសម្រាប់គ្រួសារ និងប្តីទៅបានហើយ ហើយទៅប្រកួតធ្វើអី មនុស្សស្រីគេមិនឲ្យជាប់ទេ»

នាងបន្តថា «សំខាន់ គឺខ្លួនយើងត្រូវនិយាយជាមួយចិត្ត និងខួរក្បាលផ្ទាល់ ថាតើការសម្រេចចិត្តធ្វើអ្វីមួយ ដែលយើងស្រលាញ់ ហើយជាក្តីស្រមៃរបស់យើង តើយើងត្រូវស្របតាមគំនិតរបស់ អ្នកដទៃ ឬត្រូវស្របតាមគំនិត របស់ខ្លួនឯង។ ត្រូវមានម្ចាស់ការទៅលើជីវិតរបស់យើងដោយខ្លួនឯង កុំឲ្យពាក្យសម្ដីរបស់នរណាម្នាក់ដែលមានភាពអវិជ្ជមានជះឥទ្ធិពលមកលើជីវិតរបស់យើង ហើយយើងត្រូវតែធ្វើជាមនុស្សម្នាក់ដែលគេមិនអាចទាយបាន»

ស្រីណុច ក៏បានឆ្លើតនឹងសំណួរ ពាក់ព័ន្ធនឹងពាក្យថា «ស្ត្រីវិលចង្ក្រានមិនជុំ»។ បើតាម ស្រីណុច នេះគឺជាសុភាសិតមួយ ដែលគេលើកឡើងនៅក្នុងសង្គមបុរាណរបស់ខ្មែរ គឺការឲ្យតម្លៃទៅលើស្ត្រី មិនត្រូវបានគេលើកកម្ពស់ឲ្យស្មើនឹងបុរស ដោយការជាប់ជំពាក់ទៅលើផ្នត់គំនិតចាស់ ទំនៀមទម្លាប់ប្រពៃណី ធ្វើឲ្យគេគិតថា ស្ត្រីគ្រាន់តែជាទាសករផ្ទះសំបែង នៅផ្ទះមើលថែកូនចៅ និងកិច្ចការងារក្នុងផ្ទះជាច្រើនទៀត។ ទស្សនៈមួយនេះ គឺជាទស្សនៈ ក្នុងទិសដៅបំបិទសិទ្ធិសេរីភាពរបស់ស្ត្រី ដោយគិតថាស្ត្រី មិនអាចសម្រេចកិច្ចការធំបានដូចបុរស គិតថា ស្ត្រីគឺជាភេទដែលទន់ខ្សោយ។

ស្រីណុច ថ្លែងថា «ដោយឡែក សូម្បីតែរូបនាងខ្ញុំផ្ទាល់ក៏ធ្លាប់ទទួលបានពាក្យទាំងនេះពីមុនមកដែរ ថាជាកូនស្រីមិនចាំបាច់តែរៀនខ្ពស់ពេកក៏បាន។ នេះជាពាក្យដែលខ្ញុំទទួលបានកាលពីខ្ញុំនៅវ័យកុមារ»

ជាទូទៅការចាប់ផ្តើម គឺមិនងាយស្រួលនោះទេ ក៏ប៉ុន្តែប្រសិនបើគ្មានការចាប់ផ្តើមក៏គ្មានការបញ្ចប់ដូចគ្នា ដោយសារតែការតាំងចិត្ត និងការប្តេជ្ញាចិត្តមិនរុញរា និងការខិតខំដុសខាត់សមត្ថភាព និងតស៊ូក្រាញននៀល ជាមួយការពង្រឹងផ្លូវចិត្តនិងស្មារតី នៅក្នុងការប្រកួត គឺធ្វើឲ្យនាងបានសម្រេច នៅក្ដីសុបិន្តរបស់ខ្លួន ក្លាយជាម្ចាស់ពានរង្វាន់ Master Chef Cambodia រដូវកាលទី២។ នេះគឺជាសក្ខីភាពមួយ ដែលបញ្ជាក់ថា មនុស្សស្រីមិនមែនចេះតែធ្វើម្ហូបនៅផ្ទះ វិលចង្ក្រានមិនជុំនោះទេ ក៏ប៉ុន្តែមនុស្សស្រី ក៏អាចសម្រេចក្តីស្រមៃរបស់ខ្លួនឯង ក្លាយទៅជាចុងភៅនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក និងក្លាយទៅជាម្ចាស់អាជីវកម្មនៅក្នុងភោជនីយដ្ឋានផងដែរ។

ស្រីណុច បានថ្លែងបន្តថា តាមការណ៍ពិតទៅភាពជោគជ័យរបស់មនុស្សយើងម្នាក់ៗ មានរូបភាពខុសៗគ្នា ហើយការឲ្យនិយមន័យនៃភាពជោគជ័យ ក៏ប្រហែលជាមានភាពខុសគ្នា និងស្រដៀងគ្នាខ្លះ។

សម្រាប់ ស្រីណុច កត្តាដែលធ្វើឲ្យនាងទទួលបានជោគជ័យ រួមមាន៖

* ការជម្នះនូវភាពភ័យខ្លាច ពីព្រោះថា ភាពភ័យខ្លាច គឺជារនាំងដែលបង្អាក់ខ្លួនឯងឲ្យនៅទ្រឹងមួយកន្លែង
* ការឈប់យកខ្លួនទៅប្រៀបជាមួយនឹងអ្នកដទៃ មនុស្សយើងភាគច្រើន នៅពេលដែលយកខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃ គឺមិនដែលយកទៅប្រៀប ជាមួយអ្នកដែលនៅក្រោមខ្លួនទេ គឺតែងតែយកទៅប្រៀបជាមួយ អ្នកដែលល្អជាងដោយគិតថា គេមានជាង គេស្អាតឆ្លាតជាង គេពូកែជាងជាដើម។ ត្រូវគិតថាជីវិតរបស់អ្នក គឺជាជម្រើសរបស់អ្នក ហើយអ្នកមានមាគ៌ាដោយខ្លួនឯង ដើម្បីជោគជ័យ (Your life is your choice and you have your own way to be success)។
* ការមានអាជីព ឬការងារមួយដែលយើងស្រលាញ់ បើចង់សម្រេចកិច្ចការអ្វីមួយត្រូវធ្វើអ្វីដែលយើងស្រលាញ់ និងស្រលាញ់អ្វីដែលយើងកំពុងធ្វើ។

ទិវានារីអន្តរជាតិ ឬ International Women's Day ត្រូវបានប្រារព្ធ ធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។ នៅឆ្នាំ២០២៤នេះ ជាខួបទី១១៣ នៃទិវានារីអន្តរជាតិ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក រៀបចំទិវានេះក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។​ 

«ចំពោះឋានៈស្ត្រីនៅក្នុងសង្គមបច្ចុប្បន្ន ឬយើងអាចនិយាយបានថា ស្ត្រីក្នុងសម័យឌីជីថល ជាមួយនឹងវិសមភាពយេនឌ័រ គឺធ្វើឲ្យស្ត្រី មានសិទ្ធទួទួលបានការអប់រំស្មើនឹងបុរស មានសិទ្ធទទួលបានការងារ និងតួនាទី ស្មើនឹងបុរស មិនថាក្នុងវិស័យរដ្ឋ ឬវិស័យឯកជន។ យើងក៏សង្កេតឃើញថា មានមនុស្សស្រីជាច្រើន នៅក្នុងពេលបច្ចុប្បន្ន បានក្លាយទៅជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន និងស្ថាប័ននានា រួមជាមួយអ្នកដែលទទួលបានជោគជ័យនៅក្នុងអាជីវកម្ម ឬអ្នកដែលប្រកបការងារអាជីពអ្វីមួយ»។ នេះបើតាមស្រីណុច៕