(ភ្នំពេញ)៖ វិស័យពាណិជ្ជកម្ម ត្រូវបានទទួលស្គាល់ថា ជាកម្លាំងចលករដែលបានដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រទេសជាតិ ។ ហេតុនេះ ដើម្បីការពារផលប្រយោជន៍វិនិយោគិនស្របច្បាប់ដែលកំពុងធ្វើធុរកិច្ច កម្ពុជាយើងបានបង្កើតឱ្យមានច្បាប់ដើម្បីការពារកម្មសិទ្ធិបញ្ញា ក្នុងនោះក៏មានផងដែរពាក់ព័ន្ធទៅនឹងការការពារពាណិជ្ជសញ្ញានៃអាជីវកម្មលើទំនិញរបស់សហគ្រាស ឬម្ចាស់អាជីវកម្មនីមួយៗ ។ ដូចនេះក្នុងករណីបុគ្គលណា មានចេតនាទុច្ចរិត ធ្វើការក្លែងបន្លំពាណិជ្ជសញ្ញានៃទំនិញរបស់ក្រុមហ៊ុន ឬសហគ្រាសណាមួយ ហើយយកទៅប្រើប្រាស់ក្នុងគោលបំណងជាប្រយោជន៍ផ្ទាល់ខ្លួន បុគ្គលនោះនឹងត្រូវទទួលការផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

តើអ្វីទៅជាបទល្មើស «ក្លែងបន្លំពាណិជ្ជសញ្ញា» ? តើត្រូវផ្តន្ទាទោសបែបណាចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសនេះ ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្ដីពី បទល្មើស «ក្លែងបន្លំពាណិជ្ជសញ្ញា» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

ពាណិជ្ជសញ្ញា សំដៅដល់សញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញរបស់ក្រុមហ៊ុន ឬសហគ្រាសនីមួយៗ ។ ពាណិជ្ជសញ្ញា អាចមានលក្ខណៈជា៖ ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) ពណ៌ បង្គុំនៃពណ៌ ឬបង្គុំនៃសញ្ញាជាអាទិ៍ ។ តាមរយៈការប្រើប្រាស់ពាណិជ្ជសញ្ញា សាធារណជន ក៏ដូចជាអតិថិជន អាចធ្វើការបែងចែកបានយ៉ាងច្បាស់លាស់ នូវប្រភព គុណភាព និងសញ្ញាណសម្គាល់នៃទំនិញរបស់សហគ្រាសនីមួយៗ ដោយភាពងាយស្រួល និងមានទំនុកចិត្តក្នុងការប្រើប្រាស់ ។ ជាគោលការណ៍ ដើម្បីទទួលការការពារពេញលេញពីច្បាប់ និងទទួលស្គាល់ថា ជាម្ចាស់ផ្តាច់មុខតែមួយ ម្ចាស់អាជីវកម្មនៃពាណិជ្ជសញ្ញា ត្រូវយកពាណិជ្ជសញ្ញារបស់ខ្លួន ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដែលជាក្រសួងមានសមត្ថកិច្ចក្នុងការចុះបញ្ជី ។

ម្ចាស់ពាណិជ្ជសញ្ញាស្របច្បាប់ មានសិទ្ធិប្តឹងប្រឆាំងទៅនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភបំពាននូវពាណិជ្ជសញ្ញារបស់ខ្លួន ដោយគ្មានការយល់ព្រមពីខ្លួន ។ មិនតែប៉ុណ្ណោះ ម្ចាស់ពាណិជ្ជសញ្ញាស្របច្បាប់ ក៏មានសិទ្ធិប្ដឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញា ដែលប្រហាក់ប្រហែលនឹងពាណិជ្ជសញ្ញាដែលខ្លួនបានចុះបញ្ជីរួចហើយ។

អនុលោមតាមបញ្ញត្តិមាត្រា ៦៤ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានចែងថា «ជនណាដែលក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម របស់សហគ្រាសមួយផ្សេងទៀត ដែលបានចុះបញ្ជី នៅព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងមាត្រា ១១ ត្រង់ចំណុច ខ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ»

បន្ថែមពីនេះ មាត្រា ៦៧ នៃច្បាប់ដដែល ក៏បានចែងផងដែរថា «ក្នុងករណីមិនរាងចាលចំពោះបទល្មើសនឹងមាត្រា ៦៤ ឬមាត្រា ៦៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសទ្វេរឡើង ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ ដែលមានបញ្ញត្តិក្នុងមាត្រានោះ» ។ ដូច្នេះបុគ្គលណាដែលមិនរាងចាលចំពោះបទល្មើសក្លែងបន្លំពាណិជ្ជសញ្ញា នឹងត្រូវផ្តន្ទាទោសទ្វេរឡើង ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ ។

សរុបមក បទល្មើស «ក្លែងបន្លំពាណិជ្ជសញ្ញា» គឺជាបទល្មើសព្រហ្មទណ្ឌ ក្នុងករណីដែលជនណាបានប្រព្រឹត្តនូវបទល្មើសនេះ នឹងត្រូវទទួលទោសដូចមានចែងក្នុងច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ហើយក៏ត្រូវផ្តន្ទាទោសទ្វេរឡើងផងដែរ ក្នុងករណីមិនរាងចាល ។

រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក ភា ពិសិដ្ឋ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៉ីអាយស៉ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕