(អាល្លឺម៉ង់)៖ ក្រុមដឹកនាំដោយលោក Xabi Alonso នៅពេលនេះបន្តនាំមុខដាច់ ១០ពិន្ទុពីកំពូលតារាងលីគ Bundesliga 2023-24 ក្រោយពួកគេបានបន្តយកឈ្នះក្រុម Wolfsburg ២-០ ក្នុងជំនួបជើងទី២ សប្តាហ៍ទី២៥ នាំឱ្យក្រុមមួយនេះកំពុងតែឈានទៅរកការលើកពានលីគជាលើកដំបូង ដ្បិតនៅសល់តែ ៩ប្រកួតទៀតប៉ុណ្ណោះ។

Bayer Leverkusen បានរក្សាការនាំមុខ ១០ពិន្ទុរបស់ពួកគេនេះ នៅលើកំពូលលីគ Bundesliga ជាមួយនឹងការរកបានជ័យជម្នះលើក្រុម Wolfsburg ដែលសល់គ្នា ១០នាក់ ក្នុងប្រកួតដែលកីឡាករ Nathan Tella និង Florian Wirtz ស៊ុតបានសម្រេចម្នាក់ ១គ្រាប់។

Bayer Leverkusen នៅពេលនេះពួកគេរកបាន ៦៧ពិន្ទុ លេងមិនទាន់ចាញ់នោះទេ ខណៈដែលក្រុមការពារតំណែងជើងឯក Bayern Munich ស្ថិតនៅលេខរៀងទី២ រកបាន ៥៧ពិន្ទុ បន្ទាប់ពីក្រុមដឹកនាំដោយលោក Thomas Tuchel បានយកឈ្នះលើក្រុម Mainz 05 លទ្ធផល ៨-១ ក៏ដោយ។

រំលឹកផងថា សម្រាប់ការប្រកួតប្រជែងលីគអាល្លឺម៉ង់ ក្រុម Bayer Leverkusen ធ្លាប់បានតែជើងឯករង ៥លើក ជាមួយនឹងការបញ្ចប់នៅលេខរៀងទី៤ ក៏បាន ៥លើកផងដែរ ខណៈប្រកួតបន្ទាប់ត្រូវប៉ះក្រុម Freiburg នៅសប្តាហ៍ទី២៦៕