(ម៉ាឌ្រីដ)៖ Real Madrid ដែលជាជើងឯករង La Liga រដូវកាលមុន បានបន្តក្តោបក្តាប់តំណែងកំពូលតារាងលីគអេស្ប៉ាញមួយនេះដាច់ ៧ពិន្ទុពីក្រុមលេខ២ Girona ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Celta Vigo ក្នុងលទ្ធផល ៤ទល់នឹង០ នាយប់មិញនេះក្នុងសប្តាហ៍ទី២៨ នៃជើងទី២។

Real ក៏បាននាំមុខក្រុមការពារតំណែងជើងឯក FC Barcelona ៨ពិន្ទុផងដែរ ក្នុងចំណោមពិន្ទុសរុប ៦៩ពិន្ទុ ទល់នឹង ៦១ពិន្ទុ។

៣ពិន្ទុដោយស្រួលក្នុងដីនៃកីឡដ្ឋាន Santiago Bernabeu បានធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti កាន់តែប្រកៀកក្នុងការឈានទៅគ្រប់គ្រងពាន La Liga រដូវកាលនេះផងដែរ ខណៈនៅសល់ ១០ប្រកួតទៀត នឹងបិទរដូវកាល។

កាលពីជើងទី១ នៅទឹកដី Celta ដែលបច្ចុប្បន្នពួកគេដឹកនាំដោយលោក Rafael Benitez ក៏អធិរាជស បានយកឈ្នះ ១-០ ផងដែរ។

ក្នុងប្រកួតដែលពុំមានវត្តមានខ្សែបម្រើ Jude Belligham ដោយសារជាប់បម្រាមនោះ កីឡាករយុវជនតួកគី Arda Guler ក៏បានរួមចំណែករកបាន ១គ្រាប់ផងដែរនៅចុងម៉ោង ក្រោយពេល Vinicius Junior រកបានគ្រាប់បើកឆាកនៅនាទី២១ និងខ្សែការពារខាងក្រុមភ្ញៀវបានធ្វេសប្រហែសចូលទីខ្លួនឯងគ្រាប់ត្រឹមរយៈពេល ៩នាទីប៉ុណ្ណោះ ដែលធ្វើឱ្យ Celta បន្តឈរនៅលេខរៀងទី១៧ ដោយមាន ២៤ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ២ពិន្ទុ៕