(ភ្នំពេញ)៖ លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានសម្ដែងការភ្ញាក់ផ្អើល និងរំភើបជំនួសកីឡាករមិនអាជីព ដែលជាបុគ្គលិកក្រុមហ៊ុនឯកជន តែបានទទួលឱកាសទៅលេងពានអន្ដរជាតិ ជាមួយក្រុមតំណាងផ្សេងៗនៅកីឡដ្ឋានរបស់ក្លិប Tottenham Hotspur នៃចក្រភពអង់គ្លេស។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបបានចូលរួមសហការរៀបចំពានរង្វាន់ AIA Corporate Cup 2024 និងបានរកឃើញក្រុមជយលាភី ដែលជើងឯកបានទៅក្រុមបាល់ទាត់ធនាគារស្ថាបនា ក្រោយយកឈ្នះក្រុមសាលាអន្ដរជាតិ CIA First ដោយលទ្ធផល ៣-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ ខណៈក្រុមជើងឯក នឹងទទួលបានសំបុត្រយន្ដហោះទៅប្រកួតអន្ដរជាតិ នៅអង់គ្លេស។

តំណាងក្លិបក្របខណ្ឌលីគកំពូលកម្ពុជាដដែលបន្ដថា «ខ្ញុំគិតថា វាជាឱកាសល្អមិនងាយជួបទេ កុំថាឡើយពួកគាត់ជាបុគ្គលិកក្រុមហ៊ុន សូម្បីកីឡាករអាជីពមួយចំនួន ក៏មិនទាន់មានឱកាសទៅលេងនៅអង់គ្លេសបែបនេះដែរ»។ លោកថា នេះជាភារកិច្ចធំមួយ ក្នុងនាមក្រុមតំណាងកម្ពុជា ដែលត្រូវជួបក្រុមដៃគូ AIA ជុំវិញពិភពលោកនៅទឹកដីអង់គ្លេស។ ដូច្នេះត្រូវខំប្រឹងហ្វឹកហាត់ ដើម្បីរក្សាកម្លាំង បច្ចេកទេស និងស្វែងរកលទ្ធផលល្អប្រសើរមួយ។

ជាមួយគ្នាកីឡាករ ស្រេង លាងសរ ប្រធានក្រុមជើងឯកខាងលើបានសម្ដែងក្ដីរីករាយ ដែលទទួលបានលទ្ធផលលើសការរំពឹងទុកបែបនេះ ពិសេសគឺការទទួលបានឱកាសទៅលេងនៅអង់គ្លេស។ ដូច្នេះនៅសល់រយៈពេល ១ខែទៀត ក្រុមខ្លួននឹងបន្ដរៀបចំ និងហ្វឹកហាត់ឲ្យបានកាន់តែប្រសើរ ដើម្បីត្រៀមការប្រកួតទល់នឹងក្រុមមកពីគ្រប់ទ្វីប ហើយប្រជែងនូវលទ្ធផលល្អប្រសើរមួយ ទោះបីលោកបានទទួលស្គាល់ពីកម្រិតនៅទាបជាងគេក៏ដោយ។

មិនតែប៉ុណ្ណោះលោក ស្រេង លាងសរ ក៏បានចាត់ទុកការចូលរួមប្រកួតពានអន្ដរជាតិខាងលើ គឺជាឱកាសដើម្បីរួមចំណែកផ្សព្វផ្សាយពីប្រទេសកម្ពុជា ដើម្បីទាក់ទាញនូវវិស័យទេសចរណ៍ ដល់បណ្ដាប្រទេសជុំវិញពិភពលោក ដែលនឹងចូលរួមការប្រកួតនៅកីឡដ្ឋានរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur នាពេលខាងមុខ៕