(បរទេស)៖ រថយន្តអគ្គិសនីម៉ូដែល Huawei AITO ត្រូវបានគេរាយការណ៍ថា បានក្លាយជាម៉ាកយីហោរថយន្ត EV ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន សម្រាប់ម៉ូដែលរថយន្តឆ្លាតវៃដ៏អស្ចារ្យ ព្រមទាំងមានការនាំចេញយ៉ាងច្រើនសន្ធឹកផងដែរ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបាននាំចេញបានប្រហែល ២១,០០០គ្រឿងក្នុងខែកុម្ភៈ ដែលវ៉ាដាច់គូប្រជែងជាច្រើន របស់ខ្លួននៅលើទីផ្សាររថយន្ត។ នេះបើតាមការចេញផ្សាយដោយសារគេហទំព័រព័ត៌មាន Huawei Cantral។

យោងតាមទិន្នន័យផ្លូវការ ដែលបញ្ចេញដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន AITO បានបញ្ជាក់ថា ក្រុមហ៊ុននេះ បាននាំចេញរថយន្តសរុបចំនួន ២១,១៤២គ្រឿងកាលពីខែមុននេះ។ តួរលេខខាងលើនេះ បង្ហាញថា ការនាំចេញរថយន្តរបស់ AITO នេះ គឺមានចំនួនច្រើនជាងក្រុមហ៊ុនផលិតរថយន្តកំពូលៗនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីដែលមានដូចជា Nio, Xpeng, Li Auto និងជាច្រើនទៀត។ បើធៀបជាមួយនឹងតួរលេខនៃការនាំចេញនេះ មានរបាយការណ៍មួយ បាននិយាយថា ក្រុមហ៊ុន Li Auto លក់រថយន្តបានចំនួនត្រឹមតែ ២០,២៥១គ្រឿងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ខណៈ ក្រុមហ៊ុន Nio មានការធ្លាក់ចុះទៅលើការនាំចេញដល់ទៅ ២០% ដែលមានចំនួនត្រឹមតែ ៨១៣២គ្រឿងប៉ុណ្ណោះ នៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសចិន ស្របពេលដែលម៉ូដែលក្នុងស្រុកផ្សេងៗទៀត ហាក់មានការធ្លាក់ចុះ។ ប្រការនេះ ធ្វើឲ្យ Huawei AITO ក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅក្នុងទីផ្សាររបស់ចិន។

គួរជម្រាបថា ទីផ្សាររថយន្តនៅក្នុងប្រទេសចិន មានការធ្លាក់ចុះ ១១.៦% បើធៀបទៅនឹងឆ្នាំមុននេះ ដែលមានការនាំចេញសរុបចំនួន ៣៨៨,០០០គ្រឿង។ ក្រុមហ៊ុន Huawei ក៏មានគោលដៅជួយអភិវឌ្ឍរថយន្តឆ្លាតវៃចំនួន ៧-៨ គ្រឿងនៅក្នុងឆ្នាំនេះផងដែរ៕