(លីវើភូល)៖ តារាជើងស៊ុត Mohamed Salah មិនត្រូវបានចុចឈ្មោះចូលជម្រើសជាតិអេហ្ស៊ីប ដើម្បីលេងមិត្តភាពអន្តរជាតិ ២ប្រកួតនាចុងខែមីនានេះទេ ដោយសារការស្នើសុំពីក្លិបអាជីព Liverpool។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Liverpool បានស្នើសុំមិនឱ្យអេហ្ស៊ីប កោះហៅកីឡាករវ័យ ៣១ឆ្នាំខាងលើចូលជម្រើសជាតិ ដើម្បីលេងមិត្តភាពនៅ អារ៉ាប់រួមឡើយ ក៏ព្រោះតែរូបគេមិនទាន់ជាពីរបួស ១០០%នោះទេ ដ្បិតក្នុងបញ្ជី ២៥នាក់ចុងក្រោយ ក៏ពុំមានឈ្មោះ កីឡាករពាក់លេខ១១ នៅហង្សក្រហមនេះដែរ។

មែនទែនទៅ Salah ទើបតែបានចូលលេង ២ប្រកួតប៉ុណ្ណោះ ក្នុងនាមជាកីឡាករបម្រុងផងដែរ គិតត្រឹមឆ្នាំ២០២៤ នេះ ក៏ព្រោះតែរូបគេមានបញ្ហារបួសសរសៃពួរតាំងពីព្រឹត្តិការណ៍ Africa Cup of Nations ក្នុងប្រទេសកូដឌីវ័រ។

ទាក់ទងនឹងបញ្ហានេះដែរ លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានថ្លែងថា «២ប្រកួតក្នុងមិត្តភាពរបស់អេហ្ស៊ីបនោះ គឺមិនជាប់ពាក់ព័ន្ធនឹងខ្ញុំទេ វាអាស្រ័យទៅលើថ្នាក់ដឹកនាំ Liverpool តែប៉ុណ្ណោះ។ ជារឿយៗយើងតែងតែថែទាំកីឡាកររបស់យើង ដ្បិតកំពុងស្ថិតក្នុងកាលៈទេសៈប្រកួតប្រជែងក្តៅគគុកផងដែរ ដែលយើងត្រូវការពួកគេជាចាំបាច់»។

អេហ្ស៊ីប ដែលបានឡើងមកដល់ត្រឹមវគ្គ ១៦ក្រុមនៃ Cup of Nations 2023 នឹងជួបគូប្រជែងណូវែលហ្សេឡង់ នាថ្ងៃទី២២ ខែមីនា មុនពេលប៉ះក្រូអាត ឬក៏ទុយនេស៊ី ៤ថ្ងៃបន្ទាប់ នៅទីក្រុង Abu Dhabi របស់ UAE ពីជំនួបមិត្តភាពអន្តរជាតិ ស្របពេល Liverpool ក៏ស្ថិតនៅលេខ២ ក្នុង Premier League ដោយមាន ៦៤ពិន្ទុស្មើក្រុមកំពូលតារាង Arsenal ដែរ៕