(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បានប្រកាសជាផ្លូវការថា បណ្តាញផ្សព្វផ្សាយសង្គម X (អតីត Twitter) នឹងបើកដំណើរការកម្មវិធីថ្មីមួយនៅសប្តាហ៍នេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទស្សនាវីដេអូទម្រង់វែងនៅលើទូរទស្សន៍ឆ្លាតវៃ (TVs)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ការផ្លាស់ប្តូរនេះធ្វើតាមការណែនាំរបស់ X អំពីមុខងារវីដេអូ និងអូឌីយ៉ូកាលពីខែតុលាឆ្នាំមុន ដែលស្របតាមចក្ខុវិស័យរបស់ Musk ដើម្បីបំប្លែងវេទិកាបណ្តាញផ្សព្វផ្សាយរបស់ខ្លួនទៅជាកម្មវិធីដ៏ទំនើបដែលផ្តល់សេវាកម្មពីការផ្ញើសារ ទៅជាការបង់ប្រាក់ពីគ្នាទៅវិញទៅមកជំនួសវិញ។

ជុំវិញការប្រកាសនេះ Musk បាននិយាយនៅក្នុងការឆ្លើយតបខ្លីមួយនៅលើ X ដោយគូសបញ្ជាក់ថា «ឆាប់ៗនេះ» អ្នកគាំទ្របណ្តាញផ្សាញផ្សព្វផ្សាយសង្គម X នឹងអាចមើលដោយផ្ទាល់នៅលើទូរទស្សន៍បានហើយ។ ប៉ុន្តែតាមការបង្ហើប កម្មវិធីទូរទស្សន៍នេះត្រូវបានកំណត់ឱ្យចេញផ្សាយសម្រាប់អ្នកប្រើប្រាស់ Amazon និង Samsung ដំបូងគេតែប៉ុណ្ណោះ។

ក្រោយការប្រកាសនេះ ក្រុមហ៊ុន Fortune បាននិយាយថា កម្មវិធីនេះមើលទៅស្រដៀងទៅនឹងកម្មវិធីទូរទស្សន៍ដែលផ្តល់ដោយ YouTube របស់ Google ដែលវាហាក់បីដូចជា បង្ហាញពីគោលបំណងច្បាស់ៗរបស់ Musk ដើម្បីប្រកួតប្រជែងជាមួយវេទិកាវីដេអូរបស់ Google អ៊ីចឹង។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីរបាយការណ៍នេះ ប្រភពនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយនោះទេ ថាតើ Musk នឹងមានគោលបំណងអ្វីផ្សេងក្រៅតែពីការប្រកួតប្រជែងនេះបន្តទៀត។

គួរជម្រាបដែរថា នៅក្នុងការជំរុញឱ្យក្លាយជា «វេទិកាវីដេអូដំបូង» X បាននឹងកំពុងបង្កើតភាពជាដៃគូជាមួយនឹងជើងខ្លាំងចំនួនពីររូបក្នុងនោះរួមមាន អតីតអ្នកអត្ថាធិប្បាយបណ្តាញព័ត៌មាន Fox News លោក Tucker Carlson និងអតីតអ្នកកាសែតទូរទស្សន៍អាមេរិក CNN លោក Don Lemon៕