(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានជួបពិភាក្សាការងារជាមួយលោក Wang Peng លេខាទី១ ស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីជជែកគ្នាអំពីការរៀបចំគម្រោងស្នើសុំអាហារូបករណ៍ និងបញ្ជូនក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ២ឆ្នាំម្ដងផង និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ផង។

មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជាខាងលើបានឲ្យដឹងថា កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅយ៉ាងរលូន ក្រោមការជំរុញ និងចង្អុលបង្ហាញពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម ដើម្បីជំរុញការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ នាឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនប្រចាំទ្វីបអាស៊ី និងការប្រកួតស៊ីហ្គេមជាដើម។

លោក វ៉ាត់ ចំរើន បន្ដថា ដោយកីឡាយុវជនអាស៊ី គឺជាព្រឹត្តិការណ៍កម្រិតទ្វីប ដែលទាមទាឲ្យមានការរៀបចំគម្រោងមុនច្បាស់លាស់ ពិសេសលើការអភិវឌ្ឍកីឡាជំនាញក្នុងរយៈពេល ៤ ទៅ ៥ឆ្នាំយ៉ាងតិច ដើម្បីធានាបាននូវការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយត្រៀមទទួលធ្វើម្ចាស់ផ្ទះផង និងការប្រកួតប្រជែងមេដាយផង។ ដូច្នេះការចាប់ដៃគូជាមួយប្រទេសជាតិមិត្ដ ក្នុងកិច្ចសហប្រតិបត្តិការលើការងារនេះ ពិសេសប្រទេសចិន គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា។

បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ដែលទទួលបានការគាំទ្រពីមន្ដ្រីជាន់ខ្ពស់ នៃស្ថានទូតចិននៅកម្ពុជា នាពេលឆាប់ៗខាងមុខ ប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន នឹងមានដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីធ្វើការពិភាក្សាផ្លាស់ប្ដូរគ្នា ឬក៏អាចឈានទៅដល់ការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលកីឡាចិន លើកិច្ចសហប្រតិបត្តិការគ្នាទៅលើការអភិវឌ្ឍវិស័យកីឡាកម្រិតខ្ពស់នេះផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។

ក្នុងជំនួបពិភាក្សាខាងលើដែរ លោក Wang Peng បានសម្ដែងនូវក្ដីរីករាយ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទទួលយកនូវគម្រោងស្នើសុំអាហារូបករណ៍ដល់ក្រុមជម្រើសជាតិកម្ពុជាទៀតផង។ លោកបានចាត់ទុកនេះគឺជាគម្រោងដ៏ល្អ ដើម្បីផ្សារភ្ជាប់នូវចំណងការងារការទូតផង និងការងារនយោបាយផង ហើយលោកសង្ឃឹមថា ដំណើរការរៀបចំគម្រោងនេះ នឹងទទួលបានជោគជ័យ ដូចកាលពីគម្រោងទី១ ដែលកម្ពុជាសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយជោគជ័យពេញ ១០០%។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ចំពោះគម្រោងរៀបចំស្នើសុំអាហារូបករណ៍ដល់ក្រុមជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់រយៈពេលវែងនៅចិននេះ គឺមានទាំងអត្តពលិកពេញវ័យ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ២ឆ្នាំម្ដងផង និងថ្នាលយុវជចន្លោះអាយុ ១២ឆ្នាំ ទៅ ១៣ឆ្នាំ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផង។ តាមគម្រោងកម្ពុជា នឹងស្នើសុំអត្តពលិកប្រមាណ ១៦០នាក់ លើ ២២ប្រទេសកីឡា ទាំងកីឡាជាក្រុម និងកីឡាឯកត្តជន ដើម្បីបញ្ជូនទៅហ្វឹកហាត់ ចាប់ពីឆ្នាំ២០២៤ នេះ រហូតដល់ឆ្នាំ២០២៩៕