(បរទេស)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាត្រកូល iPhone 15 ឆ្នាំនេះពិសេសទៅលើម៉ូឌែល iPhone 15 Pro/Pro Max គឺមានការពង្រឹង និងធ្វើបច្ចុប្បន្នភាពផ្នែក Hardware ជាច្រើនគួរឲ្យកត់សម្គាល់។ តែយ៉ាងណាតាមរយៈប្រភពជិតស្និទ្ធពី 91 mobile បានទម្លាយនូវរូបភាព CAD renders ថ្មីមួយរបស់ iPhone 16 Pro ដែលបង្ហាញនូវរូបរាងឌីហ្សាញកាន់តែច្បាស់ ជាមួយនឹងការបំពាក់ Capture Button ថ្មី ខណៈមុខងារនេះមិនមាននៅលើ iPhone 15 Pro/Pro Max នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

បើតាមរូបភាពលេចធ្លាយនោះបានបង្ហាញនូវរូបរាងសំខាន់ៗមួយចំនួន សម្រាប់រូបរាងផ្នែកខាងមុខរបស់ iPhone 16 Pro គឺនៅតែបន្តការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island ដូចម៉ូដែល iPhone 15 Pro ដដែល។ ដោយឡែកសម្រាប់ខ្នងខាងក្រោយរបស់ iPhone 16 Pro នេះ គឺមានការឌីស្សាញស៊ុមប៊ូតុងកាមេរ៉ា ដែលមានទម្រង់ដូចគ្នាជាមួយ នឹងជំនាន់មុនៗដែរ ពោលគឺមិនមានការផា្លស់ប្តូររូបរាងដូចអ្វីដែលបានបែកធ្លាយកាលពីពេលមុននោះទេ។

យ៉ាងណាមិញសម្រាប់ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទៅលើរូបភាពលេចធ្លាយនោះគឺ ការឌីហ្សាញប៊ួតុង។ ដូចដែលរូបភាពបានបង្ហាញ iPhone 16 Pro ត្រូវបានពណ៌នាជាមួយប៊ូតុងថ្មីមួយដែលគេហៅថា Capture Button ដែលត្រូវបានតម្លើង ខាងស្តាំប៊ូតុង Power នឹងស្ថិតផ្នែកខាងឆ្វេងនៃស្មាតហ្វូន។ 91 mobile បានធ្វើការរំពឹងទុកថា ប៊ូតុងនេះនឹងអាចចេញមកជាមួយនឹងមុខងារបញ្ជាទៅលើកាមេរ៉ា ដែលផ្តល់អោយអ្នកប្រើប្រាស់អាចថតរូបបានលឿន នឹងអាច Zoom ទៅលើរូបភាពបានថែមទៀតផង។ មិនត្រឹមប៉ុណ្ណោះប្រភពបានបង្ហាញថា ប៊ូតុងនេះ ក៏អាចនឹងប្រើប្រាស់ ជាប៊ូតុង AI button ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Apple នៅក្នុងការស្រាវជ្រាវទៅលើមុខងារបញ្ញាសិប្បនិម្មិត្តរបសគេផងដែរ។

គួរជម្រាបដែរថា តាមរយៈពាក្យចចាមអារ៉ាមកន្លងមកបានបង្ហាញថា iPhone 16 Pro/Pro Max នឹងមានទំហំអេក្រង់ធំជាងជំនាន់មុនទៅទៀត។ ពោលគឺម៉ូឌែល iPhone 16 Pro អាចនឹងមានទំហំខ្ទង់ ៦.៣អ៊ីញ (ធំជាងនៅលើ iPhone 15 Pro មានទំហំ ៦.១អ៊ីញ) និងម៉ូឌែល iPhone 16 Pro Max អាចនឹងមានទំហំធំដល់ទៅខ្ទង់ ៦.៩អ៊ីញ ឯណោះ (នៅលើ iPhone 15 Pro Max មានទំហំ ៦.៧អ៊ីញ)។ សម្រាប់កាមេរ៉ាក៏នឹងមានការពង្រឹងផងដែរ ទាំង iPhone 16 Pro/Pro Max នឹងមានការពង្រឹងលើការ Zoom បែប Optical 5x សម្រាប់កាមេរ៉ា Periscope Telephoto ដែលមាននៅលើ iPhone 15 Pro Max ឲ្យកាន់តែមានគុណភាពនិងសមត្ថភាពដំណើរការខ្ពស់ជាងនេះទៅទៀត៕