(ភ្នំពេញ)៖ បេក្ខជន រ៉ុង ណារើន មកពីខេត្តកំពង់ធំ មានស្មារតីខិតខំពុះពារក្នុងជីវិតនិងការស្រឡាញ់អាជីពជាសិល្បករ ក៏បានសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Beat the Best របស់ទូរទស្សន៍ហង្សមាស ដើម្បីឈោងចាប់ក្ដីស្រមៃចង់ក្លាយជាអ្នកចម្រៀងអាជីពមួយរូប ព្រមទាំងដើម្បីមានលទ្ធភាពជួយជ្រោមជ្រែងគ្រួសារ ដ្បិតអីយុវជនរូបនេះមានតួនាទីជាកូនច្បង គឺចង់ឱ្យប្អូនៗមានឱកាសបន្តការសិក្សាឱ្យបានចប់ចុងចប់ដើម។

គួរជម្រាថា រ៉ុង ណារើន ដែលមកពីស្រុកស្ទោង ខេត្តកំពង់ធំនោះ ក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ម្ដងរួចមកហើយ កាលពីឆ្នាំ២០២២ ប៉ុន្តែបេក្ខជនរូបនេះមានឱកាសត្រឹមតែវគ្គ Theater Round II ប៉ុណ្ណោះ។

រ៉ុង ណារើន កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០១ នៅភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានឪពុកឈ្មោះ ឡាច រ៉ុង និងម្ដាយឈ្មោះ ខាត់ វលក្ខណ៍។ ណារើន កំព្រាឪពុកតាំងពីអាយុមិនដល់៧ឆ្នាំផង ហើយរូបគេនិងប្អូនប្រុសម្នាក់ទៀតបានបន្តរស់ជាមួយម្ដាយនិងជីដូនក្នុងជីវភាពជាអ្នកស្រែចម្ការ។ រ៉ុង ណារើន ចូលចិត្តច្រៀងតាំងពីក្មេង។ ជារឿយៗ ណារើន តែងចូលចិត្តមើលកម្មវិធីប្រឡងជាច្រើន ដូចជា កម្មវិធី The Voice Cambodia កម្មវិធី Cambodian Idol កម្មវិធី Beat the Best Cambodia កម្មវិធី X Factor Cambodia ជាដើម ហើយចង់ចូលរួមប្រឡងនឹងគេដែរ។ រហូតកម្មវិធី Cambodian Idol រដូវកាលទី៤ ឈានមកដល់ ទើប រ៉ុង ណារើន សម្រេចដាក់ពាក្យជាមួយកម្មវិធី។ គ្រប់គ្នាបានលើកទឹកចិត្តដល់ រ៉ុង ណារើន យ៉ាងខ្លាំង ទាំងនៅលើបណ្ដាញសង្គម Facebook, YouTube, Telegram និងគេហទំព័រព័ត៌មាននានា។ ណារើន ក៏មិនមានថវិកាច្រើនដែរសម្រាប់ការរៀបចំខ្លួន ប៉ុន្តែចេះតែមានអ្នកជួយទំនុកបម្រុងបន្តិចម្នាក់ៗ ដើម្បីជួយពូនជ្រែងបេក្ខជនរូបនេះបន្តទៅវគ្គបន្តបន្ទាប់ទៀត ជាមួយនឹងកម្លាំងលើកទឹកចិត្ត និងស្មារតីយ៉ាងក្លៀវក្លា។ ប៉ុន្តែបេក្ខជនរូបនេះមានឱកាសត្រឹមតែវគ្គ Theater Round II ប៉ុណ្ណោះ។

ក្រោយអស់ឱកាសនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤នោះ ណារើន បានស្វែងរកការងារជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដើម្បីបានប្រាក់ខ្លះសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ តែយ៉ាងណា ណារើន មិនអាក់អន់ចិត្តនោះឡើយ និងនៅតែមិនបោះបង់ក្ដីស្រមៃចង់ក្លាយអ្នកចម្រៀង។

ឆ្នាំ២០២៤ ឈានមកដល់ជាមួយនឹងស្មារតីខិតខំពុះពារ ណារើន ក៏បានសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Beat the Best រដូវកាលទី២​ ហើយក៏បានឆ្លងផុតវគ្គដំបូងហើយ។ អ្វីដែលជាគោលបំណងធំរបស់បេក្ខជនមកពីខេត្តកំពង់ធំរូបនេះ គឺចង់ឈោងចាប់ក្ដីស្រមៃក្លាយជាអ្នកចម្រៀងអាជីពមួយរូប ព្រមទាំងដើម្បីមានលទ្ធភាពជួយជ្រោមជ្រែងគ្រួសារដែលមានស្ថានភាពមិនទាន់ប្រសើរនៅឡើយ។ ណារើន មានតួនាទីជាកូនច្បង និងត្រូវរាប់រងតម្រូវការខ្លះៗជូនគ្រួសារ ម្យ៉ាងរូបគេក៏អាណិតប្អូនៗដែលចង់បន្តការសិក្សាឱ្យបានចប់ ដើម្បីអនាគតពួកគេមានភាពល្អប្រសើរជាងនេះ ដូច្នេះហើយទោះបីលំបាកយ៉ាងណា ក៏ណារើននៅតែប្រឹងពុះពារស្វែងរកឱកាស ពិសេសឱកាសក្លាយជាអ្នកចម្រៀងមួយរូប ព្រោះនេះជាដើមទុនដ៏សំខាន់របស់ រ៉ុង ណារើន ដើម្បីកសាងជីវិត រើបម្រាស់ពីភាពក្រខ្សត់។

រ៉ុង ណារើន គ្មានអ្វីក្រៅពីការប្រណមដៃអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រវិស័យសិល្បៈ សូមជួយគាំទ្រដល់រូបគេឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់រូបគេបន្ថែមទៀតក្នុងការបញ្ចេញសមត្ថភាពក្នុងការប្រកួតនេះ៕