(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក៏ដូចជាបណ្ដាក្លិបផ្សេងៗ បានបើកភ្លើងខៀវស្វាគមន៍ក្លិបបាល់ទាត់វិសាខា ក្នុងការវិលត្រឡប់មកលេងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២៤ ឡើងវិញ ខណៈគណៈគ្រប់គ្រង់ក្លិបដ៏មានសក្ដានុពលមួយនេះ បានអះអាងថា នឹងធ្វើការពិចារណា ។

នេះបើតាមការគូសបញ្ជាក់របស់លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបបាល់ទាត់ វិសាខា ក្នុងសន្និសីទសារព័ត៌មាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្រាយចម្ងល់មហាជន ពាក់ព័ន្ធនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល បន្ទាប់មកវិសាខា បានប្រកាសដកខ្លួនពីគ្រប់ការប្រកួតទាំងអស់ សូម្បីឱកាសការពារតំណែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន កាលពីថ្មីៗនេះ។

គួរដឹងថា មូលហេតុវិសាខា ប្រកាសដកខ្លួនខាងលើ ក៏ព្រោះក្លិបមិនពេញចិត្ត នឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល នៅកំឡុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន រវាង វិសាខា និងភ្នំពេញក្រោន កាលពីថ្ងៃទី០៦ ខែមីនាកន្លងទៅ ត្រង់នាទីទី១៨ ។ បន្ទាប់មកក្លិបក៏បានដាក់លិខិតស្នើសុំការបកស្រាយទៅគណៈកម្មការរៀបចំការប្រកួត តែដោយពុំទទួលបានការបកស្រាយសមស្រប នៅល្ងាចថ្ងៃទី០៨ ខែមីនា វិសាខា ក៏បានប្រកាសដកខ្លួនពីការប្រកួតទាំងអស់តែម្ដង ។

ប៉ុន្ដែតាមការបកស្រាយរបស់លោក KARAKIDA TETSU នាយកក្រុមអាជ្ញាកណ្ដាលរបស់សហព័ន្ធ ក្នុងសន្និសីទសារព័ត៌មានខាងលើ បន្ទាប់ពីទទួលបានលិខិតរបស់ក្លិបបាល់ទាត់ វិសាខា និងពិនិត្យមើលវីដេអូឡើងវិញជាច្រើនដង ទើបឃើញថា ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ដែលក្រុមវិសាខា ស្នើសុំឲ្យធ្វើការបកស្រាយពិតជាខុសពិតមែន ដ្បិតភ្លាមៗក្នុងការប្រកួតនេះ អាជ្ញាកណ្ដាលបានពិន័យបាល់ Off Side ទាំងបាល់កំពុងចំណេញសម្រាប់កីឡាករវិសាខា ក្នុងឱកាសស្វែងរកគ្រាប់បាល់នោះ គឺមិន Off Side ឡើយ ។

យ៉ាងណាមិញ ក្លិបបាល់ទាត់ វិសាខា បានប្រកាសដកខ្លួនទៅវិញ ប៉ុន្ដែប្រសិនបើ វិសាខា មានចេតនាត្រឡប់មកចូលរួមការប្រកួតវិញ សហព័ន្ធក៏មិនរារាំង ហើយបណ្ដាក្លិបទាំងអស់ ក៏គាំទ្រ និងចង់ឃើញវិសាខា ត្រឡប់មកវិញដែរ ។ ប៉ុន្ដែអ្វីដែលសំខាន់ គឺសម្រេចលើសាមីក្លិប(វិសាខា) ថាចង់ត្រឡប់មកវិញ ឬក៏អត់? មួយវិញទៀត ក៏ត្រូវសិក្សាច្បាស់លាស់ពីច្បាប់អន្ដរជាតិផងដែរ ។ នេះបើតាមការលើកឡើងរបស់លោក កែវ សារ៉េត ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «គណៈកម្មការប្រកួតកំពុងពិនិត្យមើល និងមានកិច្ចប្រជុំផ្ទៃក្នុង ដើម្បីមានការយល់យោគមិនមែនគិតថា ជាឧបសគ្គអ្វីនៃការអភិវឌ្ឍទេ គឺយើង(សហព័ន្ធ)ចង់បានវិសាខាត្រឡប់ចូលលីគវិញ ។ ករណីចូលមកវិញបាន ឬមិនបាន ត្រូវតែមានការសិក្សាពីច្បាប់ឲ្យបានច្បាស់លាស់ដែរ ពីព្រោះយើងសំអាងទៅលើច្បាប់ផ្ទៃក្នុងរបស់យើង ខ្លាចខុសទៅនឹងច្បាប់អន្ដរជាតិ ព្រោះរឿងនេះ បានខ្ចល់ខ្ចាយទៅដល់ខាងក្រៅ FIFA ក៏គេដឹងលឺ AFC ក៏គេដឹងលឺដែរ...។ កន្លែងនេះ បើខុស គេក៏ពិន័យយើងដែរ ។ តែសម្រាប់សហព័ន្ធ និងគ្រួសារបាល់ទាត់ជាតិ គឺស្វាគមន៍ការត្រឡប់ចូលមកវិញរបស់វិសាខាជានិច្ច»

លោកបន្ថែមថា «សហព័ន្ធមិនរារាំង អត់ឲ្យចូលវិញទេ ដោយសារវិសាខា និយាយដោយអត់លាក់លាម ព្រោះសាមីខ្លួន គាត់បានដឹងខ្លួនថា បានដាក់ពាក្យឈប់ហើយ ប៉ុន្ដែបើសិនជាចេតនាចង់ត្រឡប់មកវិញ សហព័ន្ធស្វាគមន៍ ប៉ុន្ដែត្រូវតែផ្អែកទៅលើនិតីវិធីដែរ តើមានអ្វីរារាំងទេ? យើងត្រូវសិក្សាបន្ដិចទៀត សិក្សាខ្លាំងទៅលើកំហុសជាមួយ FIFA និង AFC បើ FIFA គេថា ដូចមិនអីទេ អាហ្នឹងយើងស្វាគមន៍ការត្រឡប់មកវិញ ។ ក្លិបទាំងប៉ុន្មានគេអត់ប្រឆាំងទេ គេគាំទ្រ និងចង់បានវិសាខាត្រឡប់មកវិញ ព្រោះជាក្លិបមួយរីកចម្រើន ដែលយើងទទួលស្គាល់»

បន្ទាប់ពីទទួលបានការបកស្រាយរយៈពេលជាង ១ម៉ោងកន្លះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានប្រកាសអំពីជំហររបស់ក្លិបបាល់ទាត់វិសាខា ដែលបង្កើតឡើង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា ជាមួយការចំណាយដ៏ច្រើន ទាំងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ។ ចំពោះការសម្រេចចិត្តដកខ្លួនទាំងបង្ខំវិញ ក៏ព្រោះក្លិបអន់ចិត្តនឹងការដាក់លិខិតស្នើសុំការបកស្រាយ និងពន្យល់ផ្សេងៗ ពុំទទួលបានលទ្ធផល ឬដំណោះស្រាយពីសហព័ន្ធ ដែលជាអាណាព្យាបាល ដូច្នេះការត្រឡប់មកវិញ គឺស្ថិតក្នុងការពិចារណានៅឡើយ ។

នាយិកាគ្រប់គ្រងក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣មស័យដដែលបន្ដថា «មិនមែនជាលើកទី១ ទេ ពេលមានបញ្ហា យើងដាក់ទៅ(ដាក់លិខិត) យើងមិនមានជាការដោះស្រាយ ទើបមកដល់ពេលនេះ ទើបយើងសម្រេចចិត្តដកខ្លួនដ៏លំបាកនេះ ។ បើសិនសួរថា តើពួកយើងនឹងចូលរួមប្រកួតដែលអត់ទេ? វិសាខា នឹងពិចារណា ប្រសិនបើមានការសម្របសម្រួលពីសហព័ន្ធ ហើយនឹងក្លិបដទៃ ដែលបើកដៃឲ្យយើងចូលរួមវិញ ។ ចំពោះការពិន័យ ឬការអនុវត្តវិធានការច្បាប់យ៉ាងណា គឺពួកខ្ញុំអត់ប្រកែកទេ គឺពួកខ្ញុំគោរពតាមច្បាប់ទាំងអស់»