(តូក្យូ)៖ ការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup របស់ក្រុមជម្រើសជាតិជប៉ុន ទល់នឹងកូរ៉េខាងជើង នឹងត្រូវធ្វើឡើងនៅទីក្រុង Pyongyang នាចុងខែនេះ។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់ជប៉ុន (JFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

​JFA បានលើកឡើងថា ខ្លួនបានទទួលការបញ្ជាក់ថា ការប្រកួតផ្នែកបុរស នៅថ្ងៃទី២៦ ខែមីនាខាងមុខ នឹងធ្វើឡើងទៅតាមការគ្រោងទុក នៅឯកីឡដ្ឋាន Kim Il Sung Stadium ដែលផ្ទុកមនុស្សបាន ៥០,០០០នាក់។

ក្រុមទាំង២ ក៏គ្រោងនឹងប្រកួតជាមួយគ្នា នៅឯកីឡដ្ឋាន Tokyo's National Stadium ក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃទី២១ ខែមីនាខាងមុខផងដែរ។

ជប៉ុន បានឈ្នះការប្រកួតជម្រុះចំនួន ២លើករបស់ពួកគេហើយ គិតមកទល់ពេលនេះ គឺឈ្នះលើមីយ៉ាន់ម៉ា និងស៊ីរី។

ចំណែកកូរ៉េខាងជើងវិញ បានចាញ់ ១-០ ក្នុងពេលប្រកួតជម្រុះទល់នឹងស៊ីរី នៅទឹកដីកណ្តាល ស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត មុនពេលបំបាក់មីយ៉ាន់ម៉ា ៦-១ នៅទីក្រុង Yangon។

សូមរំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន និងកូរ៉េខាងជើង ធ្លាប់បានជួបប្រកួតជាមួយគ្នា​ នៅឯព្រឹត្តិការណ៍ East Asian Championship ឆ្នាំ២០១៧ នៅទីក្រុង Tokyo ដោយលទ្ធផលជប៉ុន បានយកឈ្នះ ១-០៕