(រ៉ូម)៖ ក្លិបបាល់ទាត់ Lecce របស់អ៉ីតាលី បានបណ្តេញអ្នកចាត់ការ Roberto D'Aversa ចេញពីតំណែង បន្ទាប់ពីលោកបានយកក្បាលរបស់លោក ទៅទង្គិចនឹងក្បាលកីឡាករម្នាក់ របស់ក្រុមបដិបក្ខ នៅពេលដែលក្លិបរបស់លោក បានចាញ់ក្លិប Hellas Verona កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមក្លិបលេងនៅលីគ Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

លោក D'Aversa បានទង្គិចក្បាលខ្សែប្រយុទ្ធ Thomas Henry របស់ក្លិប Verona បន្ទាប់ពីការប្រកួតធ្វើម្ចាស់ផ្ទះ ចាញ់ ១-០ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយក្លិបបានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃដដែលនោះ ដោយបានថ្កោលទោសឧប្បតិ្តហេតុនោះ ហើយក្រោយមកបានបណ្តេញអ្នកចាត់ការវ័យ ៤៨ឆ្នាំនេះ ចេញពីតំណែង។

លោក D'Aversa បានទទួលកាតក្រហម ជាមួយនឹងកីឡាករ Henry ហើយក្រោយមកអ្នកចាត់ការ ដែលបានចូលរួមជាមួយក្លិប Lecce កាលពីខែមិថុនា ឆ្នាំ២០២៣ រូបនេះ បានធ្វើការសុំទោស។

សូមជម្រាបថា Lecce បានឈ្នះ ៥ប្រកួត ក្នុងចំណោម ២៨ប្រកួតក្នុងលីគរបស់ពួកគេ ក្នុងរដូវកាលនេះ នាំឱ្យពួកគេស្ថិតនៅចំណាត់ថ្នាក់ទី១៥ ដោយមាន ២៥ពិន្ទុ និងមាន ១ពិន្ទុពីលើតំបន់កាត់ចោល ខណៈក្លិប Verona ក្រោយឈ្នះ Lecce នោះ បានឡើងទៅកាន់ចំណាត់ថ្នាក់ទី១៣ ដោយមាន ២៦ពិន្ទុ៕