(ភ្នំពេញ)៖ កីឡាករ កែវ រ៉ាវី សមាជិកក្លិបឆេមពានស្នុកឃ័រ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីយកឈ្នះជើងខ្លាំង ម៉ែន សុផានិត ម្ចាស់មេដាយមាស និងសំរឹទ្ធស៊ីហ្គេម មកពីក្លិបក្រសួងការពារជាតិ ដើម្បីក្លាយជាម្ចាស់មេដាយមាស នៃការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលានក្លិបឆេមពានស្នូកឃ័រ រាជធានីភ្នំពេញ។

ការប្រកួតនេះមានរយៈពេល ៣ថ្ងៃ ដោយមានកីឡាករ ១៨នាក់ មកពី ១២សមាគម/ក្លិបចូលរួម និងបែងចែកជា ៤ពូល ដើម្បីធ្វើការប្រកួតជម្រុះរកកីឡាករមានពិន្ទុខ្ពស់ជាងគេ ២នាក់ តាមពូលនីមួយៗ ឡើងវគ្គ ៨នាក់ចុងក្រោយ ក្នុងនោះកីឡាករ ម៉ែន សុផានិត និង កែវ រ៉ាវី ដែលស្ថិតក្នុងពូលA ជាមួយគ្នា បន្ទាប់ពីដឹកដៃគ្នាឡើងវគ្គបន្ដ ពួកគេបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី។

នៅវគ្គផ្ដាច់ព្រ័ត្រ កីឡាករទាំងពីរ បានយកឈ្នះគ្នាទៅវិញទៅមក រហូតដល់ហ្វ្រេមទី៦ ស្មើគ្នា ៣-៣ ដែលនាំឲ្យការប្រកួតឈានដល់ហ្វ្រេមទី៧ ដើម្បីកាត់សេចក្ដី ហើយជាលទ្ធផល កីឡាករ កែវ រ៉ាវី បានយកឈ្នះរាមច្បង ម៉ែន សុផានិត នូវគ្រាប់ចុងក្រោយ ដើម្បីធានាជ័យជម្នះ ៤-៣ លើម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ និងក្លាយជាម្ចាស់មេដាយមាសកីឡាប៊ីយ៉ាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ តែម្ដង។

ក្រោយចប់ការប្រកួតលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីចូលរួមរបស់កីឡាករទាំងអស់ ទោះបីលទ្ធផលមានឈ្នះ និងចាញ់ តែការចូលរួមនេះ លោកបានចាត់ទុកគឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ាកម្ពុជា ពិសេសសម្រាំងបាននូវធនធានកីឡាករឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិនានា។

ជាមួយគ្នា លោក ហួត សេងទ្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើននៃសមត្ថភាពកីឡាករប៊ីយ៉ាកម្ពុជាបច្ចុប្បន្ន។ លោកបានជំរុញឲ្យកីឡាករទាំងអស់ ទាំងអ្នកដណ្ដើមបានជយលាភី ឬពុំទទួលបានជយលាភីក្ដី ត្រូវបន្ដការខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ដូចជាការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នាពេលខាងមុខជាដើម៕