(អាស៊ី)៖ ក្រុម Al-Nassr បានជ្រុះចេញពីការប្រកួតប្រជែងពានរង្វាន់ Asian Champions League 2023-24 ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្មីជើងក្រុម Al-Ain ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចេក្តី ៣-១ បើទោះបីជាកីឡាករលំដាប់កំពូល Cristiano Ronaldo បានរួមចំណែកស៊ុតបាន ២គ្រាប់ក៏ដោយ ក្នុងប្រកួតបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនានេះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា ការប្រកួតរវាងក្រុមទាំងពីរនេះ ក្រុម Al-Nassr រកបានជ័យជម្នះ ១-០ ពីការប៉ះគ្នាជើងទី១ ខណៈជើងទី២ ការប្រកួតបានឈានដល់ម៉ោងបន្ថែម ក្រោយពេលក្រុម Al-Ain បើកការនាំមុខ ៣-០ មកវិញ ហើយនៅប្រកួតម៉ោងបន្ថែមផងនោះ Al-Nassr សល់គ្នាតែ ១០នាក់ប៉ុណ្ណោះ ក្រោយពេល Ayman Yahya ទទួលកាតក្រហមនៅនាទី៩៥។

ក្នុងប្រកួតនោះផងដែរ Ronaldo ក៏រកបាន ១គ្រាប់នៅនាទី១១៨ បន្ទាប់ពីគូប្រជែង Al-Shamsi រកបាននៅនាទី១០៣ ដែលធ្វើឲ្យបញ្ចប់ការប្រកួតសរុបទាំងពីជើងលទ្ធផល ៤-៤ ។ ហើយបន្តឈានដល់ការស៊ុតបាន ១១ម៉ែត្រកាត់សេចក្តី តែជាការខកចិត្តយ៉ាងខ្លាំងរបស់ Al-Nassr រកបានតែ ១គ្រាប់ពីការស៊ុតរបស់បុរសសញ្ជាតិព័រទុយហ្គាល់ Ronaldo ដ្បិតក្រុម Al-Ain រកបាន ៣គ្រាប់ យកបានជ័យជម្នះពីការទម្លាក់ Al-Nassr ពីវគ្គ ១/៤ ក្នុងលទ្ធផល ៣-១ ។

បញ្ជាក់ផងថា គិតមកដល់ពេលនេះ Ronaldo ស៊ុតបាន ៤៣គ្រាប់ហើយ ពីការលេងបាន ៥១ប្រកួតជាជាមួយក្រុម Al-Nassr ខណៈរដូវកាលមុនក្រុម Urawa Red Diamonds ជាក្រុមជើងឯកតែពួកគេបានជ្រុះចេញតាំងពីវគ្គចែកពូល J មកម្លេះ ហើយក្រុម Al-Hilal ឈ្នះពាននេះ ៤លើកច្រើនជាងគេ។

រំលឹកផងថា ក្រុម Al-Nassr កាលពីរដូវកាល២០២១ បានឈានទៅដល់វគ្គ ៤ក្រុមចុងក្រោយ តែពួកគេជ្រុះត្រឹមវគ្គនេះក្រោមថ្មីជើង Al-Hilal ២-១ ដែលពេលនោះមិនទាន់មានវត្តមាន Ronaldo នោះទេ៕