(ភ្នំពេញ)៖ គោលដៅទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក តាមរយៈបទចម្រៀងរបស់តារាចម្រៀងលំដាប់ពិភពលោក Taylor Swift នៅក្នុងអាល់ប៊ុមរបស់ខ្លួន។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកសង្គម និងវប្បធម៌អាស៊ាន។

Taylor Swift ធ្លាប់បានចេញអាល់ប៊ុមដ៏ភ្ញាក់ផ្អើលដែលមានចំណងជើងថា «evermore» ដោយបន្ថែមថា បទចម្រៀងមួយក្នុងអាល់ប៊ុម១៧បទ គឺជាការឧទ្ទិសដល់ជីដូនរបស់នាង គឺលោកយាយ Marjorie Finlay ដែលជាអ្នកចម្រៀងអូប៉េរ៉ាដែលបានទទួលមរណភាពកាលពីឆ្នាំ២០០៣ និងរួមបញ្ចូលទាំងការគាំទ្រផងដែរ។

វីដេអូរបស់បទចម្រៀងនេះដែរក៏បានធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា តាមរយៈខ្សែវីដេអូបង្ហាញពីការមកទស្សនានៅតំបន់អង្គរដ៏ស្រស់ស្អាតរបស់លោកយាយ Marjorie Finlay នាពាក់កណ្តាលទសវត្សឆ្នាំ១៩៦០។ ពិតណាស់ តំបន់រមណីយដ្ឋានអង្គរគឺធំធេងណាស់ ដែលមានក្រុមប្រាសាទរាប់សិបប្រាសាទ សុទ្ធតែជាស្នាដៃដ៏ល្អឯកនិងល្បីល្បាញសម្រាប់ពិភពលោក។ តាមរយៈវីដេអូលោកយាយរបស់តារាចម្រៀង Taylor Swift បានបង្ហាញពីប្រាសាទព្រះខ័នជាដើម។ ក្នុងនោះគឺមានអ្នកទស្សនាដល់ទៅជិត 13M (ឬជិត១៣លាន)​ ត្រឹមពេល៣ឆ្នាំប៉ុណ្ណោះ។

គួរជម្រាបថា Taylor Swift ក៏បានច្រៀងបទចម្រៀង Marjorie នេះម្ដងទៀតដែរ ក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «Eras Tour» នៅប្រទេសសិង្ហបុរី រយៈពេល៦យប់ ចាប់ពីថ្ងៃទី២-៩ ខែមីនា ឆ្នាំ២០២៤។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់រមណីយដ្ឋានអង្គរកាន់តែមានកិត្តិនាមលេចធ្លោឡើងនៅលើពិភពលោក។ គេមិនភ្លេចឡើយនូវកំពូលតារាភាពយន្តហូលីវូដ Angelina Jolie និងបុគ្គលល្បីៗអន្តរជាតិដទៃទៀត ដែលតែងតែជួយផ្សព្វផ្សាយឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជា និងមកទស្សនាគោលដៅទេសចរណ៍កម្ពុជា ពិសេសតំបន់អង្គរ។ ដូច្នេះការបង្ហាញក្នុងអាល់ប៊ុមចម្រៀងរបស់តារាស្រី Taylor Swift ក៏នឹងកាន់តែពង្រីកការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋជុំវិញពិភពលោកឱ្យស្គាល់ពីកម្ពុជាបន្ថែមទៀតដែរ។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកនាំពាក្យ បានបង្ហាញការសាទរចំពោះការចូលរួមផ្សព្វផ្សាយពីគោលដៅរបស់ប្រទេសកម្ពុជា ពិសេសតំបន់រមណីយដ្ឋានអង្គរ ពិសេសគឺបានរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា។ កម្ពុជាសូមអរគុណចំពោះតារាចម្រៀងរូបនេះដែលបានផ្សារភ្ជាប់ជាមួយទឹកដីកម្ពុជា។

លោក តុប សុភ័ក បានបន្តថា តំបន់អង្គរដែលជាគោលដៅទេសចរណ៍ដ៏ធំរបស់កម្ពុជានេះ ធ្លាប់បានជាប់ចំណាត់ថ្នាក់ជាច្រើនតាមរយៈការផ្សព្វផ្សាយពីគេហទំព័រល្បីៗលំដាប់ពិភពលោក ហើយមានអ្នកទេសចរ អ្នកធ្វើដំណើរជាច្រើនបានបោះឆ្នោតគាំទ្រ។

លោករដ្ឋលេខាធិការបង្ហាញការរំពឹងថា តាមរយៈការផ្សព្វផ្សាយបន្ថែមពីសំណាក់តារាចម្រៀងល្បីៗនេះទៀតសោត គឺកាន់តែជួយឱ្យកម្ពុជាក្លាយជាគោលដៅប្រកបដោយភាពទាក់ទាញ ធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ខណៈគោលដៅទេសចរណ៍កម្ពុជា គឺមានសុវត្ថិភាពទាំងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕