(បរទេស)៖ Huawei ត្រូវបានរាយការណ៍មកថា នៅតែបន្តបង្កើតបញ្ហាយ៉ាងច្រើនសម្រាប់ក្រុមហ៊ុន Apple ក្នុងការលក់ស្មាតហ្វូនលើទីផ្សារប្រទេសចិន។ ក្រុមហ៊ុនទាំងពីរនេះ កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញតែម្តង ទៅលើប្រាក់ចំណូលដែលទទួលបានពីការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន។ ត្បិត ក្រុមហ៊ុន Apple នៅតែបន្ត បាត់បង់ចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន ទោះបីមានការលក់បញ្ចុះតម្លៃក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារគេហទំព័រព័ត៌មាន Huawei Central។

នាពេលថ្មីៗនេះ មានការចុះផ្សាយជាបន្តបន្ទាប់ ពីការលក់ iPhone របស់ Apple ធ្លាក់ចុះនៅក្នុងប្រទេសចិន ខណៈការលក់ទូរស័ព្ទរបស់ Huawei កំពុងកើនឡើងលើសការរំពឹងទុក។ សម្រាប់ក្រុមហ៊ុន Apple ទោះបីជាមានការបញ្ចុះតម្លៃ iPhone របស់ខ្លួន និងការផ្ដល់ជូននានា ក៏ដោយ ក៏ក្រុមហ៊ុនអាមេរិកមួយនេះ មិនអាចទាញយកអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនបានឡើយ។

នេះគឺជាលើកទី១ ហើយដែលក្រុមហ៊ុន Apple ធ្វើការបញ្ចុះនូវតម្លៃ ស្ទើរមិនគួរឲ្យជឿ ទៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួន ដូចជា iPhone 15 Series។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏កំពុងតែបង្ហាញអំពីភាពពេញនិយមរបស់ខ្លួន និងកំណើនយ៉ាងខ្លាំងក្លានៅក្នុងទីជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មុខងារកម្រិតខ្ពស់ជាច្រើន និងការប្រើប្រាស់នូវបន្ទះឈីប Kirin នេះ ស្មាតហ្វូន Mate 60 Series។

គួរជម្រាបដែរថា ក្រុមហ៊ុនចិន Huawei បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ ខណៈដែលចំណែកទីផ្សារបានកើនឡើងដល់ទៅ ១៦.៥ភាគរយ ពីចំណែកទីផ្សារកាលពីឆ្នាំមុនមានត្រឹម ៩.៤ភាគរយ។ ទាំងនេះគឺ បន្ទាប់ពី Huawei ចាប់ផ្តើមឈានជើងចូលប្រឡូក្នុងវិស័យស្មាតហ្វូនវិញ ព្រមទាំងបញ្ចេញស្មាតហ្វូនថ្មីៗជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីម៉ូដែល Huawei Mate 60 បានវាយលុកលើទីផ្សារប្រទេសចិនមក បានធ្វើឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនអាមេរិកហាក់កើតក្តីកង្វលើ នឹងរងការធ្លាក់ចុះជាខ្លាំងពីមួយជំនាន់ទៅមួយជំនាន់៕