(ភ្នំពេញ)៖ MV បទចម្រៀង «អូនរាំអែន» របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងតែផ្ទុះខ្លាំងក្នុងបណ្តាញសង្គម ជាពិសេសតាមរយៈបទចម្រៀងមួយបទនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានដាក់ក្ដីរំពឹង និងជឿជាក់ថា បទចម្រៀងនេះអាចនឹងល្បីជាអន្តរជាតិ ដោយសារតែចំណុចពិសេសទាំងនេះ ហើយក៏អាចនឹងស្រូបទាញភ្ញៀវទេសចរបានមួយផ្នែកតូច មកទស្សនាប្រទេសកម្ពុជាផងដែរ។

ជាការពិតណាស់គ្រាន់តែបទចម្រៀង «អូនរាំអែន» បានចេញជាផ្លូវការក្នុងផលិតកម្ម Galaxy Navatra ភ្លាម សន្ទុះនៃការគាំទ្រ គឺខ្លាំងមិនធម្មតាទេ ទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក យូធូប និង TikTok។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀង «អូនរាំអែន» ក៏បានសាយភាយដល់បណ្តាប្រទេសមួយចំនួន។

តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ជាក់ឲ្យដឹង កាលពីពេលថ្មីៗនេះថា «បទ អូនរាំអែន អាចនឹងល្បីបានបួនប្រទេស គឺកម្ពុជា ថៃ ឡាវ និងភូមា ព្រោះចំណូលចិត្តប្រជាជនប្រទេសទាំងបួនស្រដៀងគ្នា ភាសាខ្មែរ អក្សរខ្មែរ និងផ្សាយទៅប្រទេសទាំងបួនតាមរយៈបទនេះ ពួកយើងប្រឹងធ្វើអស់ពីចិត្ត ដើម្បីខ្មែរយើង។ យើងសង្ឃឹមថា តាមរយៈបទចម្រៀងនេះ អាចនឹងស្រូបទាញភ្ញៀវទេសចរទាំងបួនប្រទេសនេះមកលេងកម្ពុជា យើងបានមួយផ្នែកតូចផងដែរ»

MV ចម្រៀង «អូនរាំអែន» បានចេញជាផ្លូវការកាលពីថ្ងៃទី១០ ខែមីនា កន្លងមកនេះក្នុងផលិតកម្ម Galaxy Navatra ទាំងការដឹកនាំសម្តែង និងការកាត់ត គឺផលិតឡើងយ៉ាងសម្រិតសម្រាំង សូម្បីតែតារាសម្តែងនៅក្នុងបទចម្រៀងនេះ គឺប្រជុំទៅដោយតារាថៃល្បីៗជាច្រើនរូប ដែលធ្វើឱ្យបទចម្រៀងមួយបទនេះ កាន់តែទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។

តោះទស្សនា MV ចម្រៀង «អូនរាំអែន» របស់តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងថៃ ទាំងអស់គ្នា៖