(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣នាក់ មកពី ៨ក្លិប នៃលីគកំពូលកម្ពុជា ដែលត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ។

យោងតាមបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានសហព័ន្ធប្រកាសនារសៀលនេះ គឺមានកីឡាករក្លិបព្រះខ័នរាជស្វាយរៀង ៧នាក់, ភ្នំពេញក្រោន ៥នាក់, វិសាខា ៣នាក់, បឹងកេត ២នាក់, ណាហ្គាវើលដ៏ ២នាក់, ព្រៃវែង ២នាក់, ISI ដង្កោសែនជ័យ និងកីឡាករនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិនម្នាក់ដូចគ្នា ដែលគ្រោងនឹងប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗ ក្រោមការដឹកនាំរបស់លោក Felix Dalmas ។

សម្រាប់ការប្រកួតពានរង្វាន់ FIFA Series ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកនេះ ចំពោះក្រុមជម្រើសជាតិកម្ពុជា គឺមាន ២ប្រកួត រួមមានជួបក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក នាថ្ងៃទី២២ ខែមីនា និងប្រកួតបន្ទាប់ ត្រូវជួបក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីកណ្ដាល នៃប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា ។

គួរដឹងថា ពានរង្វាន់ FIFA Series ត្រូវបានបញ្ចូលក្នុងកាលវិភាគប្រកួតមិត្តភាពអន្ដរជាតិ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ក្នុងខែមីនា ឆ្នាំ២០២៤ នេះ ក្នុងទិសដៅសាលសមត្ថភាពការប្រកួតជាសកល បន្ទាប់ពីគោលដៅយុទ្ធសាស្ដ្រនេះ ត្រូវបានសម្រេចដោយក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក កាលពីចុងឆ្នាំ២០២២ ៕