(ឡុងដ៏)៖ អ្នកចាំទី Ederson Moraes ជម្រើសដៃទី១ របស់ក្លិប Manchester City ត្រូវបានក្លិបបង្ហាញថា ត្រូវអវត្តមានរយៈពេល ៤សប្តាហ៍ ជុំវិញបញ្ហារបួសសាច់ដុំជើង ដែលបានកើតឡើងនៅក្នុងជំនួបលេងទល់នឹងក្រុមហង្សក្រហម Liverpool ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងលីគអង់គ្លេស ហើយក្លិបបានប្រាប់ FA ប្រេស៊ីលថា កីឡាកររូបនេះ នឹងមិនសមទទួលកាតព្វកិច្ចអន្តរជាតិនោះទេ។

Ederson ត្រូវប្តូរចេញនៅនាទី៥៦ ក្រោយពេលបង្ហាញការឈឺចាប់ ដោយបញ្ហានេះកើនឡើងនៅពេលប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Darwin Nunes ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានប្តូរចេញ បន្ទាប់ពីទទួលការព្យាបាលភ្លាមៗ ក៏ដោយ ក៏រូបគេត្រូវតែជំនួសដោយ Stefan Ortega ភ្លាមៗ ផងដែរ។

តាមរយៈបញ្ហានេះ អ្នកចាំទី Ederson មានវ័យ ៣០ឆ្នាំ ត្រូវអវត្តមាននៅជំនួបដែល Man City ត្រូវប៉ះក្រុមកំពូលតារាង Arsenal នៅថ្ងៃទី៣១ ចុងខែមីនានេះ ក្នុងសប្តាហ៍ទី២៩ ក្នុងប្រជែងគ្នាដណ្តើមកៅអីកំពូលតារាងលីគអង់គ្លេស Premier League ដែលកំពុងមានពិន្ទុប្រដេញគ្នា ហើយក៏ខកខានការប្រកួតពាន FA Cup ទល់ក្រុម Newcastle United ចុងសប្តាហ៍នេះ មុនឈប់សម្រាកលក្ខណៈអន្តរជាតិ។

រំលឹកផងថា Ederson ក្នុងរដូវកាលនេះលេងបាន ៣៦ប្រកួតហើយនៅគ្រប់កម្មវិធីរបស់ក្លិប ជាកីឡាករចាំទីម្នាក់ដែលក្លិបមេឃខៀវនាំមកពីក្លិប Benfica ក្នុងតម្លៃ ៣៥លានផោនកាលឆ្នាំ២០១៧៕

នេះបានក្លាយជាឱកាសល្អមួយរបស់អ្នកចាំទីសញ្ចាតិអាល្លឺម៉ង់ Ortega មានវ័យ ៣១ឆ្នាំ ក្នុងការចាប់យកឱកាសបង្ហាញសម្ថតភាពនៅជម្រើសរបស់លោក Pep Guardiola ដែលអាចបង្ហាញខ្លួននៅជំនួបទល់ក្រុម Aston Villa នៅថ្ងៃទី០៤ ខែមេសា និងការប៉ះក្រុម Crystal Palace នៅថ្ងៃទី០៦ ខែដដែល៕