(ភ្នំពេញ)៖ The K Ground គឺជាផ្សារទំនើបកូរ៉េដ៏ធំមួយ ដែលបានបើកដំណើរការដំបូងគេនៅប្រទេសកម្ពុជា មានលក់នូវផលិតផលកូរ៉េដ៏សម្បូរបែបរាប់ពាន់ប្រភេទ នាំចូលពីប្រទេសកូរ៉េ។

ផ្សារទំនើបរបស់កូរ៉េមួយនេះ មានទីតាំងនៅតាមបណ្តាយផ្លូវ៥៩៨ ឬផ្លូវជាសុផារ៉ា ដោយមានលក់ប្រភេទទំនិញ ដូចជា អាហារ និងសាច់បង្កក មីកូរ៉េ ភេសជ្ជៈ គ្រឿងថែរក្សាសម្រស់ និងគ្រឿងសម្អាង ព្រមទាំងរបស់ប្រើប្រាស់ផ្សេងៗជាច្រើន ដែលជាផលិតផលរបស់ប្រទេសកូរ៉េ។

អ្នកនាង សំរិទ្ធ សុខចេង ប្រធានគ្រប់គ្រងទូទៅក្នុងហាង នៃផ្សារទំនើប The K Ground បានឱ្យដឹងថា ការបើកដំណើរផ្សារទំនើប The K Ground នៅតាមបណ្តាយផ្លូវ៥៩៨ ឬផ្លូវជាសុផារ៉ា ដោយសារទីតាំងនេះ ជាទីតាំងដែលមានសក្តានុពល មាន ការរីកចម្រើនយ៉ាងឆាប់រហ័សនូវសំណង់អគារ បុរី និងផ្សារទំនើបនានា។

បើទោះបីជាផ្សារនេះទើបតែបើកដំណើរការសាកល្បងក្តី ប៉ុន្តែហាក់ទទួលបានការគាំទ្រច្រើន ពីអតិថិជន ទាំងជនជាតិខ្មែរ និងជនជាតិកូរ៉េដែលបានមកស្នាក់នៅ និងមកលេងកម្សាន្តនៅកម្ពុជា។

អ្នកនាង បានឱ្យដឹងថែមទៀតថា ក្រៅពីលក់នូវទំនិញកូរ៉េដ៏សម្បូរបែប ផ្សារទំនើបកូរ៉មួយនេះ ថែមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឱកាសការងារដល់យុវជនកម្ពុជា ជាពិសេសសិស្សនិស្សិត ដែលបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះ The K Ground ក៏ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរកូរ៉េ និង វិនិយោគិនរបស់កូរ៉េ។ បន្ថែមពីការលក់ ប្រភេទទំនិញដែលនាំចូលពីប្រទេសកូរ៉េ ផ្សារទំនើបមួយនេះ ក៏មានលក់នូវផលិតផលក្នុងស្រុក ដើម្បីរួមចំណែកគាំទ្រផលិតផលក្នុងស្រុកផងដែរ។

ផ្សារទំនើប The K Ground មានតាំងធំទូលាយ ដោយស្ថិតលើផ្ទៃដីប្រមាណ៥ហិកតា និងមានការបែងចែកជា៤តំបន់ ក្នុងនោះ តំបន់ A គឺជាទីតាំង ដែលស្ថិតខាងមុខផ្សារ ដែលមានទំហំប្រមាណ១ហិកតា សម្រាប់ផ្តោតទៅលើការជួលជាទីតាំង សម្រាប់បើកជាភោជនីយដ្ឋាន ហាងកាហ្វេ ហាងអាហារ FastFood សួនកំសាន្ត និងជាទីតាំងសម្រាប់រៀបចំកម្មវិធីផ្សេងៗ។

ចំណែកតំបន់B គឺផ្តោតទៅលើផ្នែកកណ្តាលនៃផ្សារ ដែលមានទំហំប្រមាណជិត១ហិកតា ជាប្រភេទហាងទំនិញ ដែលមានលក់ដូចជាគ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិក LG គ្រឿងសំអាង កន្លែងក្មេងលេង ហាងកាហ្វេ កន្លែងលក់អាហារកូរ៉េ និងលក់សម្លៀកបំពាក់ជាដើម។ រីឯផ្នែកខាងក្រោយនៃផ្សារទំនើបវិញ គឺជាទីតាំងភោជនីយដ្ឋាន BBQ កូរ៉េ Samwon។

ដោយឡែកតំបន់ C គឺជាទីតាំងធនាគារស៊ីនហាន និងសាឡនបែបកូរ៉េ H Lab ខណៈនៅតំបន់ D គឺជាទីលានវាយកូនហ្គោលដ៏ធំ ដែលមានផ្ទៃដីប្រមាណ២.៥ហិកតា៕