(ភ្នំពេញ)៖ យុទ្ធនាការ “Love. Top 5” រៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមដោយបុគ្គលិកគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលនឹងធ្វើដំណើរចុះទៅតាមទីផ្សារដោយផ្ទាល់។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ ចែករំលែកក្តីស្រឡាញ់ ជាមួយអតិថិជន ដៃគូអាជីវកម្ម ក៏ដូចជាស្តាប់ពីមតិយោបល់របស់អតិថិជន ស្វែងយល់បន្ថែមអំពីពួកគាត់ ជាពិសេសផ្តល់នូវទំនុកចិត្ត ភាពកក់ក្តៅ ការយកចិត្តទុកដាក់ជាមួយពួកគាត់ ព្រមទាំងផ្តល់នូវកញ្ចប់ប្រូម៉ូសិនពិសេសៗ ពី វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលឆាប់ៗនេះ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានថ្លែងថា៖ «Love. Top 5 ជាយុទ្ធនាការថ្មី មិនធ្លាប់មានពីមុន ដែលយើងធ្វើឡើងនាដើមឆ្នាំ ២០២៤ នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ថ្មី សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើង ដែលពួកគាត់នឹងចុះទៅជួបអតិថិជនដោយផ្ទាល់ ចែករំលែកក្តីស្រឡាញ់ ផ្តល់ភាពកក់ក្តៅ បង្កើនទំនុកចិត្ត រឹតចំណងមិត្តភាពឱ្យដូចជាគ្រួសារតែមួយ ជាមួយអតិថិជន ដៃគូអាជីវកម្ម នៅទូទាំងប្រទេស។

នៅក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី យើងនៅតែរក្សាឆន្ទៈ និងភាពច្បាស់លាស់ ដោយជំរុញឱ្យមានភាពជោគជ័យ ឆ្ពោះទៅមុខទាំងអស់គ្នា ជាមួយអតិថិជន ដៃគូអាជីវកម្ម នៅគ្រប់កាលៈទេសៈ ហើយយើងនូវតែបន្តគាំទ្រអាជីវកម្មរបស់អតិថិជនឲ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ រសជាតិឆ្ងាញ់ប្រកបដោយប្រណិតភាព និងភាពថ្លៃថ្នូរ ថែមទាំងមានឱកាសទទួលបានកាដូលើកទឹកចិត្ត និងឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់»។

យុទ្ធនាការ “Love.Top 5” ក៏ផ្តល់ជាឱកាសសម្រាប់ក្រុមការងារដែលមិនមែនជាផ្នែកលក់ អាចស្វែងយល់អំពីការងារផ្នែកលក់ ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាយល់ដឹងអំពីស្ថានភាពទីផ្សារជាក់ស្តែង រួមទាំងការប្រកួតប្រជែងរវាងក្រុមនីមួយៗ ដើម្បីស្វែងរកក្រុមជើងខ្លាំងទាំង៥ (Top 5)។

យុទ្ធនាការនេះ ប្រពឹត្តឡើងទូទាំងប្រទេស មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១២, ១៣, ១៤ ខែមីនា ឆ្នាំ២០២៤ ហើយអតិថិជន កុំភ្លេចចូលរួមថតរូប និងលេងកម្សាន្តជាមួយក្រុមការងារ “Love. Top 5” របស់យើង ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយជាច្រើន៕