(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ឈឿង ល្វៃ បានគ្រងខ្សែក្រវាត់ 1 World Boxing Champion Gold Belt ក្នុងការប្រកួតអន្ដរជាតិ នាទីក្រុងហុងកុង នារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីយកឈ្នះ ២ប្រកួតជាប់ៗគ្នា លើកីឡាករថៃ និងអាល្លឺម៉ង់ ។

មុនគ្រងខ្សែក្រវាត់អន្ដរជាតិខាងលើ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ គឺបានផ្ដួលកីឡាករ Fahsang របស់ថៃ ត្រឹមទឹកទី១ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese ។ ជាលទ្ធផល ឈឿង ល្វៃ ធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះពិន្ទុលើកីឡាករអាល្លឺម៉ង់ ដើម្បីគ្រងខ្សែក្រវាត់ World Boxing Champion Gold Belt ។

ជាមួយជោគជ័យរបស់អ្នកលេងគុនខ្មែររូបនេះ ត្រូវបានប្រជាពលរដ្ឋ ពិសេសអ្នកសេ្នហាវិស័យកីឡាប្រដាល់ សម្ដែងការអបអរសាទរយ៉ាងផុសផុលលើបណ្ដាញសង្គម ដ្បិតនេះគឺជាការលើកមុខមាត់ថ្មីមួយទៀត សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរលើឆាកអន្ដរជាតិ ៕