(បរទេស)៖ ក្រុមហ៊ុន Volvo Cars បានធ្វើការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងក្រុមហ៊ុន Breathe Battery Technologies របស់ចក្រភពអង់គ្លេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួន (EVs)។ តាមរយៈការប្រើប្រាស់កម្មវិធីថ្មរបស់ Breathe ក្រុមហ៊ុន Volvo មានគោលបំណងកាត់បន្ថយពេលវេលាសាកថ្មរហូតដល់ទៅ ៣០ភាគរយឯណោះសម្រាប់ EVs ជំនាន់ក្រោយរបស់ខ្លួន នឹងឆ្ពោះទៅរកជើងខ្លាំងឈានមុខគេនៅក្នុងទីផ្សាររថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

នាយកប្រតិបត្តិក្រុមហ៊ុន Breathe លោក Ian Campbell បានលើកឡើងថា កម្មវិធីសាកថ្ម ដែលផ្អែកលើក្បួនដោះស្រាយ (algorithm) ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន នឹងផ្តល់នូវភាពមើលឃើញកាន់តែប្រសើរឡើងទៅក្នុងកោសិកាថ្មនីមួយៗ ដែលអនុញ្ញាតឱ្យ EV សាកពេញថាមពល ខណៈពេលដែលវានឹងធានាសុវត្ថិភាព និងរក្សាសុខភាពថ្ម។ បច្ចេកវិទ្យាថ្មីនេះគឺមានសារៈសំខាន់ព្រោះវាអាចយកឈ្នះលើដែនកំណត់នៃកម្មវិធី EV ដែលមានស្រាប់ ដែលជារឿយៗដាក់កម្រិតការប្រើប្រាស់ថាមពលដើម្បីការពារការខូចថ្ម ឬឡើងកំដៅអំឡុងពេលសាកថ្មលឿន។

លើសពីនេះ ជំនាញរបស់ Breathe នឹងពង្រីកលើសពី EVs ធម្មតា ដោយកម្មវិធីរបស់ពួកគេបានពង្រឹងសមត្ថភាពថ្មនៅក្នុងស្មាតហ្វូន Oppo រួចហើយ ហើយឆាប់ៗនេះនឹងត្រូវបានកែសម្រួលសម្រាប់ថ្ម EV ដោយសង្កត់ធ្ងន់លើអាយុកាលវែង និងមុខងារដ៏ល្អប្រសើរ។

តែយ៉ាងណាជុំវិញការវិនិយោគនេះ មិនត្រូវបានបង្ហាញពីទំហំនៃការវិនិយោគដែលធ្វើឡើងដោយ Volvo Cars Tech Fund ដែលជាក្រុមហ៊ុនបណ្តាក់ទុនរបស់ស៊ុយអែតនោះទេ ហើយបើតាមការរំពឹងទុកបច្ចេកវិទ្យារបស់ Breathe គួរតែមាននៅលើរថយន្ត Volvo EVs ថ្មីក្នុងរយៈពេល២ ទៅ ៣ឆ្នាំខាងមុខនេះ។

គួរជម្រាបដែរថា កិច្ចសហការនេះ គូសបញ្ជាក់ពីទិដ្ឋភាពវិវត្តនៃបច្ចេកវិទ្យារថយន្តអគ្គិសនី ដែលផ្តល់នូវដំណោះស្រាយថ្មី និងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងបទពិសោធន៍អ្នកប្រើប្រាស់។ ការវិនិយោគរបស់ក្រុមហ៊ុន Volvo នៅក្នុង Breathe Battery Technologies ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ដើម្បីបន្តឈានមុខគេក្នុងទីផ្សារ EV ដែលមានការប្រកួតប្រជែងដោយផ្តល់អាទិភាពដល់ការច្នៃប្រឌិត និងការពេញចិត្តពីសំណាក់អតិថិជន៕