(បាសេឡូណា)៖ FC Barcelona បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 ជាបន្តទៀត ក្រោយយកឈ្នះគូប្រជែងមកពីអ៊ីតាលី ៣-១ ក្នុងជើងទី២ នាយប់មិញនេះ។

នេះមានន័យថា ក្រុមជើងឯក La Liga មួយនេះបានយកឈ្នះពពកស Napoli ៤-២ ក្នុងលទ្ធផលទាំង ២ជើង បន្ទាប់ពីលេងស្មើគ្នា ១-១ កាលពីជើងទី១ នៃវគ្គ ១៦ក្រុម។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Camp Nou មានកីឡាករ ៣រូបបានរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នាឱ្យ Barcelona ពោលគឺ Lopez, Cancelo និង Robert Lewandowski គ្រាដែល Rrahmani រកបានតែ ១គ្រាប់វាយបក បន្ទាប់ពីខាងម្ចាស់ផ្ទះបានបើកការនាំមុខ ២គ្រាប់មុនទៅហើយសម្រាប់វគ្គទី១ មក។

អ្នកមានបុណ្យ Barcelona អតីតម្ចាស់ជើងឯក Champions League ៥សម័យកាល បានក្លាយក្រុមទី២ របស់អេស្ប៉ាញដែលបានកក់កៅអីឡើងទៅវគ្គ ៨ក្រុមជាមួយ Real Madrid ដែរ មុនពេល Atletico Madrid ត្រូវលេងទល់នឹងក្រុមជើងឯករងរដូវកាលមុន Inter Milan រាត្រីនេះ ស្របគ្នា Borussia Dortmund ប្រកួតទល់នឹង PSV Eindhoven ដើម្បីបញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយនៅរាត្រីនេះតែម្តង៕