(អឺរ៉ុប)៖ Arsenal ឡើងវគ្គ ៨ក្រុមពានរង្វាន់ក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League 2023-24 សារជាថ្មីម្តងទៀត ក្រោយព្យាយាមអស់រយៈពេល ១៤ឆ្នាំ គិតចាប់ពីឆ្នាំ២០១០ បន្ទាប់ពីបានយកឈ្នះក្រុម FC Porto ៤-២ ពីការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីក្នុងរដូវកាលនេះវគ្គ ១៦ក្រុម ពីការរួចចំណែកយ៉ាងខ្លាំងរបស់អ្នកចាំទី David Raya ក្នុងសង្គ្រោះការស៊ុតបាន ២លើក។

ជំនួបវគ្គ ១៦ក្រុមរវាងកាំភ្លើងធំ Arsenal និង FC Porto បានឈានដល់ម៉ោងបន្ថែមបន្ទាប់ពីលេងស្មើគ្នា ១-១ ទាំងពីជើង ហើយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីក្រុម Arsenal ធ្វើបាន ៤គ្រាប់ពីការស៊ុតបានសម្រេចដោយកីឡាករ Odegaard, Havertz, Bukayo Saka និងកីឡាករតម្លៃថ្លៃប្រចាំក្រុម Declan Rice ពេលគូប្រជែងធ្វើបានតែ ២គ្រាប់ដោយកីឡាករ Pepe និង Marko Grujic ។

រំលឹកផងថា កាល ១៤ឆ្នាំមុន ក្រុមអង់គ្លេស Arsenal បានឡើងដល់វគ្គ ៨ក្រុមនេះ តែបានខកខានឡើងបន្តក្រោយលេងចាញ់ក្រុមអេស្ប៉ាញ FC Barcelona ទាំងពីជើងសរុបលទ្ធផល ៣-៦ ។

ជាមួយនឹងការវិលត្រឡប់របស់ Arsenal ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta នេះដែរ ក្រុមកាំភ្លើងធំក៏កំពុងឈរកំពូលតារាងលីគ Premier League ជាមួយនឹងក្តីសង្ឃឹមកាន់តែខ្លាំង នឹងបន្តការរៀបចំខ្លួនរបស់ពួកគេដើម្បីបន្តឈ្នះការប្រកួតដ៏លំបាកនៅពេលខាងមុខទៀត។

ហើយនេះក៏ជាលើកទី២ ដែលក្រុម Arsenal បានយកឈ្នះក្រុមលីគព័រទុយហ្គាល់ FC Porto ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ដែលនៅរដូវកាល២០០៩-១០ បានយកឈ្នះក្នុងលទ្ធផល ៦-២ ។

បញ្ជាក់ផងថា Arsenal ធ្លាប់ជាជើងឯករងឆ្នាំ២០០៦ ដែលពេលនោះបានលេងចាញ់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រ ខណៈរដូវកាលនេះការប្រកួតពានអឺរ៉ុបនេះ រកបាន ៦ក្រុមហើយដោយមាន Arsenal, FC Barcelona, Real Madrid, Manchester City, Paris Saint Germain និង Bayern Munich ៕