(ម៉ាឌ្រីដ)៖ លោក Rafael Benitez ត្រូវបានក្លិប Celta Vigo បញ្ចប់តំណែងជាផ្លូវការហើយ ក្នុងរយៈពេលដឹកនាំមិនបាន ៩ខែផង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

អតីតគ្រូបង្វឹកក្លិប Liverpool និង Chelsea ខាងលើនេះបានដឹកនាំ Celta ធ្លាក់ដល់លេខរៀងទី១៧ ក្នុងលីគ La Liga នាពេលនេះ ដោយមានតែ ២ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល ខណៈនៅសល់ ១០ប្រកួតទៀតបិទរដូវកាលឆ្នាំ២០២៣-២០២៤។

គួរបញ្ជាក់ផងថា Celta Vigo គឺជាក្លិបអេស្ប៉ាញទី២ ដែលបុរសវ័យ ៦៣ឆ្នាំ Benitez ដឹកនាំ ក្រោយពេលចាកចេញពីក្លិប Real Madrid នាអំឡុងខែមករា ឆ្នាំ២០១៦ មក។

លោក Benitez ដែលត្រូវបានផ្តល់សេចក្តីទុកចិត្ត ដើម្បីដឹកនាំ Celta Vigo នាខែមិថុនាឆ្នាំទៅនោះ បានដឹកនាំលេងឈ្នះតែ ៥ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២៨ប្រកួតនៅ La Liga មុនឈានដល់ផ្លូវបំបែកនាពេលនេះ និងក៏ជាការបាត់បង់ការងារលើកទី២ ផងដែរ គិតចាប់តាំងពីក្លិបលេងនៅ Premier League គឺស្ករគ្រាប់ Everton ដកតំណែងនាខែមករា ឆ្នាំ២០២២៕